ក្រុមអ្នកស៊ើបអង្កេតលើករណីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលត្រូវបានព្យួរតួនាទី ជុំវិញការប៉ុនប៉ងដាក់ចេញច្បាប់អាជ្ញាសឹកមិនជោគជ័យ បានបញ្ជាឲ្យលោកបង្ហាញខ្លួន នៅចំពោះមុខក្រុមឃ្លាំមើលអំពើពុករលួយរបស់ប្រទេស នៅថ្ងៃបុណ្យណូអែល បន្ទាប់ពីរូបបានបដិសេធមិនអនុវត្តតាមដីការកោះហៅ កាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា មេដឹកនាំខាងក្រុមអភិរក្សនិយម លោក Yoon ត្រូវបានសភាដកតួនាទី កាលពីចុងសប្តាហ៍មុន បន្ទាប់ពីលោកបានប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីថ្ងៃទី៣ ខែធ្នូ ជាការសម្រេចដែលបានរុញឲ្យប្រទេសធ្លាក់ចូលក្នុងភាពចលាចលនយោបាយដ៏អាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
លោកត្រូវប្រឈមជាមួយនឹងការចោទប្រកាន់ និងបទចោទព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីបង្កការបះបោរ ដែលអាចនាំឲ្យរូបលោកត្រូវជាប់ពន្ធនគារអស់មួយជីវិត ឬសូម្បីតែអាចប្រឈមនឹងការកាត់ទោសប្រហារជីវិត ដោយសារវិបត្តិ ដែលបានធ្វើឲ្យសម្ព័ន្ធមិត្តប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូងភ្ញាក់ផ្អើល នៅជុំវិញពិភពលោក។
លោក Yoon កំពុងត្រូវបានស៊ើបអង្កេតដោយរដ្ឋអាជ្ញា ក៏ដូចជាក្រុមនគរបាលចម្រុះ ក្រសួងការពារជាតិ និងក្រុមស៊ើបអង្កេតប្រឆាំងអំពើពុករលួយ។ តាមរយៈសេចក្ដីប្រកាស កាលពីថ្ងៃទី២០ ខែធ្នូ ក្រុមប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា៖ «ទីស្នាក់ការកណ្តាលស៊ើបអង្កេតរួម បានជូនដំណឹងដល់ប្រធានាធិបតី លោក Yoon Suk Yeol អំពីដីកាកោះហៅជាលើកទី២»។
សវនាការ នៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) គ្រោងនឹងធ្វើឡើងនៅម៉ោង ១០ព្រឹក ថ្ងៃទី២៥ ខែធ្នូ។ ប្រសិនបើលោក Yoon បង្ហាញខ្លួន នោះរូបលោកនឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងស្ថិតក្នុងតំណែងដំបូងគេ ដែលបង្ហាញខ្លួននៅចំពោះមុខភ្នាក់ងារស៊ើបអង្កេត៕