ប្រធានាធិបតី Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែធ្នូ) បាននិយាយថា លោកបានពិភាក្សាជាមួយបណ្ដាមេដឹកនាំអឺរ៉ុប អំពីលទ្ធភាពនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពអឺរ៉ុបទៅកាន់អ៊ុយក្រែន ជាផ្នែកនៃបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាព ខណៈដែលសម្ព័ន្ធមិត្តរបស់ប្រទេសនេះ ពិចារណាជម្រើស អំពីវិធីជួយទីក្រុងគីវបញ្ចប់ការប្រយុទ្ធជាមួយរុស្ស៊ី ដោយមានលក្ខខណ្ឌអំណោយផល។
ប៉ុន្តែមេដឹកនាំអ៊ុយក្រែន បានបន្ថែមថា ការដាក់ពង្រាយកងរក្សាសន្តិភាព នឹងមិនគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខរយៈពេលវែងរបស់ប្រទេសនោះទេ ហើយមានតែសមាជិកភាពនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ប៉ុណ្ណោះ ដែលអាចធានាឲ្យអ៊ុយក្រែនទប់ទល់ការវាយប្រហាររបស់រុស្ស៊ីបាន នាពេលអនាគត។
បន្ទាប់ពីមានកិច្ចប្រជុំជាមួយសមភាគីអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Zelensky បាននិយាយអំពីគំនិតរក្សាសន្តិភាពថា៖ «ដរាបណាអ៊ុយក្រែនមិនស្ថិតនៅក្នុងអង្គការណាតូទេនោះ ទស្សនៈ (ការដាក់ពង្រាយ) នេះ អាចត្រូវបានពិចារណា»។
យ៉ាងណាក្ដី សញ្ញាណនៃកាមានវត្តមានកងរក្សាសន្តិភាព ត្រូវបានស្វាគមន៍ជាមួយនឹងភាពមិនច្បាស់លាស់ នៅក្នុងរដ្ឋធានីអឺរ៉ុបមួយចំនួន ខណៈលោក Zelensky បាននិយាយថា មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងក្នុងការបញ្ជូនកងកម្លាំងទាំងនោះទេ ហើយបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរណាមួយនឹងតម្រូវឲ្យមានការពិចារណាយ៉ាងប្រុងប្រយ័ត្ន៕