របាយការណ៍ពីក្រុមហ៊ុនវិភាគប្លុកឆេន បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមចោរព័ត៌មានវិទ្យា ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង បានលួចលុយជាង ១,៣ពាន់លានដុល្លារពីវេទិកាគ្រីបតូ នៅឆ្នាំនេះ ជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានប្រចាំឆ្នាំ ដែលពួកគេប្រមូលបានពីសកម្មភាពលួចទិន្នន័យ។
ស្ថាប័ន Chainalysis បានចេញផ្សាយការវិភាគរបស់ខ្លួនលើសកម្មភាពរបស់ក្រុមចោរព័ត៌មានវិទ្យា ដែលមានទំនាក់ទំនងនឹងកូរ៉េខាងជើង ដោយប្រាប់ថា ពួកគេបានលួចទឹកប្រាក់ ១,៣៤ពាន់លានដុល្លារ នៅទូទាំងហេតុការណ៍លួចចូលចំនួន ៤៧លើក ដែលបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់ពីចំនួនប្រហែល លានដុល្លារនៅទូទាំងហេតុការណ៍លួចចូលចំនួន ២០លើក ដែលបានកត់ត្រាកាលពីឆ្នាំមុន។
ស្ថាប័ន Chainalysis បានឲ្យដឹងនៅក្នុងរបាយការណ៍ថា៖ «ក្រុមចោរព័ត៌មានវិទ្យា ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង បានមានភាពលេចធ្លោ សម្រាប់ការប្រកបជំនាញដ៏ទំនើប និងមិនចេះឈប់ឈររបស់ពួកគេ ដែលជារឿយៗប្រើប្រាស់មេរោគកម្រិតខ្ពស់ វិស្វកម្មសង្គម និងការលួចរូបិយប័ណ្ណគ្រីបតូ ដើម្បីជួយផ្តល់មូលនិធិដល់ប្រតិបត្តិការដែលឧបត្ថម្ភដោយរដ្ឋ និងបញ្ចៀសពីទណ្ឌកម្មអន្តរជាតិ»។
ស្ថាប័ននេះបានបន្ថែមថា៖ «មន្ត្រីសហរដ្ឋអាមេរិក និងអន្តរជាតិ បានវាយតម្លៃថា ទីក្រុងព្យុងយ៉ាងប្រើប្រាស់គ្រីបតូដែលខ្លួនលួចបាន ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីអាវុធប្រល័យលោក និងមីស៊ីលបាលីស្ទិក ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខអន្តរជាតិ»។
គួរបញ្ជាក់ថា ការកើនឡើងនូវសកម្មភាពរបស់ពួកចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង បានកើតឡើង បើទោះបីជាមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងៗ ដោយទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ និងរារាំងសកម្មភាពតាមប្រព័ន្ធអ៊ីនធឺណេតរបស់ពួកចោរទាំងនោះ ដែលពួកគេជឿថា ត្រូវបានបង្កើតឡើងដើម្បីជួយដល់កម្មវិធីអាវុធកម្រិតខ្ពស់របស់ទីក្រុងព្យុងយ៉ាង៕