បើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលថ្ងៃព្រហស្បតិ៍ (ទី១៩ ខែធ្នូ) បានបង្ហាញថា ការនិរទេសជនអន្តោរប្រវេសន៍របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំកន្លងទៅ បានកើនឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ២០១៤ ដែលជាផ្នែកមួយនៃការជំរុញយ៉ាងទូលំទូលាយដោយប្រធានាធិបតីជិតផុតអាណត្តិ លោក Joe Biden ដើម្បីកាត់បន្ថយជនអន្តោប្រវេសន៍ខុសច្បាប់។
យោងតាមរបាយការណ៍អនុវត្តច្បាប់ប្រចាំឆ្នាំ បានឲ្យដឹងថា ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក (ICE) បាននិរទេសជនអន្តោប្រវេសន៍ប្រហែល ២៧១.០០០នាក់ ទៅកាន់ប្រទេសចំនួន ១៩២ ក្នុងឆ្នាំសារពើពន្ធ ២០២៤ ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា។
ចំនួនសរុប គឺខ្ពស់បំផុត គិតចាប់តាំងពីលោក Biden ចូលកាន់តំណែងក្នុងឆ្នាំ២០២១ និងខ្ពស់ជាងឆ្នាំនៃរដ្ឋបាលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ២០១៧-២០២១។ នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោក Biden ដែលជាសមាជិកខាងបក្សប្រជាធិបតេយ្យ បានឡើងកាន់តំណែងដោយសន្យាថា នឹងលុបចោលគោលនយោបាយអន្តោប្រវេសន៍ដែលរឹតត្បិតបន្ថែមទៀតរបស់លោក Trump ប៉ុន្តែបានជួបការលំបាកជាមួយនឹងកម្រិតខ្ពស់នៃអន្តោប្រវេសន៍ខុសច្បាប់ ហើយបានពង្រឹងវិធីសាស្រ្តអនុវត្តរបស់លោកបន្តិចម្តងៗ។
ចំណែកលោក Trump ខាងគណបក្សសាធារណរដ្ឋ ដែលបានឈ្នះអាណត្តិមួយទៀត នៅក្នុងសេតវិមាន កាលពីខែវិច្ឆិកា បានប្ដេជ្ញាថា នឹងនិរទេសក្នុងចំនួនដ៏ច្រើនបំផុតនៃជនអន្តោប្រវេសន៍ ដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ជាផ្នែកមួយនៃការបង្ក្រាបអន្តោប្រវេសន៍ដ៏ទូលំទូលាយ៕