រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកជំនួយនៃប្រទេសអឹរ៉ុបភាគខាងជើងនេះ លោក Benjamin Dousa បានប្រាប់ទូរទស្សន៍ស៊ុយអែត TV4 នៅថ្ងៃសុក្រនេះថា ប្រទេសស៊ុយអែត នឹងលែងផ្តល់មូលនិធិដល់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន (UNRWA) ប៉ុន្តែជំនួសមកវិញ ផ្តល់ជំនួយមនុស្សធម៌ ទៅឲ្យតំបន់ហ្កាហ្សា តាមរយៈបណ្តាញផ្សេង។
អ៊ីស្រាអែល ដែលនឹងហាមឃាត់ប្រតិបត្តិការរបស់ UNRWA នៅក្នុងប្រទេសនេះ ចាប់ពីចុងខែមករានេះ បានចោទប្រកាន់ម្តងហើយម្តងទៀតថា ទីភ្នាក់ងារនេះ មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣ ដែលដឹកនាំដោយក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ដែលបង្កឲ្យមានសង្រ្គាមដែលកំពុងបន្ត នៅក្នុងតំបន់ហ្កាហ្សា។
លោក Dousa បាននិយាយថា ការសម្រេចចិត្តរបស់ស៊ុយអែតក្នុងការបញ្ចប់ការផ្តល់មូលនិធិសម្រាប់ UNRWA គឺឆ្លើយតបទៅនឹងការហាមឃាត់របស់អ៊ីស្រាអែល ពីព្រោះប្រទេសនេះ នឹងធ្វើឲ្យការផ្តល់ ជំនួយដល់ប្រជាជនប៉ាឡេស្ទីន តាមរយៈទីភ្នាក់ងារមួយនេះ កាន់តែពិបាកឡើង។
លោកបានបន្ថែមថា ប្រទេសស៊ុយអែត គ្រោងនឹងបង្កើនជំនួយមនុស្សធម៌សរុបរបស់ខ្លួន ដល់តំបន់ហ្កា ហ្សា នៅឆ្នាំក្រោយ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា៖«មានអង្គការផ្សេងទៀត នៅក្នុងតំបន់ហ្កាហ្សា ខ្ញុំទើបតែបានទៅទីនោះ ហើយបានជួបពួកគេមួយចំនួនរួចហើយ» ដោយចាត់ទុកកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ជាអ្នកទទួលជំនួយដ៏មានសក្តានុពល។

