កងទ័ពជើងទឹករបស់ប្រទេសស្រីលង្កា នៅថ្ងៃសុក្រ (ទី២០ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ១០២នាក់ មកពីសហភាពមីយ៉ាន់ម៉ាដែលហែកហួរដោយសង្គ្រាម នៅពេលពួកគេអណ្ដែតតាមទូកនេសាទ នៅម្ដុំប្រទេសកោះនៃមហាសមុទ្រឥណ្ឌា ដោយបាននាំពួកគេទៅកាន់កំពង់ផែដោយសុវត្ថិភាព។

អ្នកនាំពាក្យកងទ័ពជើងទឹក បានប្រាប់ថា ក្រុម ដែលមានរួមកុមារ ២៥នាក់ផងដែរ ត្រូវបាននាំទៅកាន់កំពង់ផែ Trincomalee ភាគខាងកើតរបស់ប្រទេសស្រីលង្កា ដោយបន្ថែមថា អាហារ និងទឹក ត្រូវបានផ្តល់ឲ្យពួកគេ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «ការត្រួតពិនិត្យវេជ្ជសាស្រ្ត ត្រូវតែធ្វើឡើងមុនពេលពួកគេត្រូវបានអនុញ្ញាតចុះពីនាវា នៅកំពង់ផែ»។
គួរបញ្ជាក់ថា ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើន ត្រូវបានធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងក្លា នៅមីយ៉ាន់ម៉ា ហើយរាប់ពាន់នាក់ប្រថុយជីវិតជារៀងរាល់ឆ្នាំ ក្នុងការធ្វើដំណើរតាមសមុទ្រដ៏វែងឆ្ងាយ ដែលភាគច្រើនធ្វើដំណើរឆ្ពោះទៅភាគអាគ្នេយ៍សំដៅទៅប្រទេសម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី។
ជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់ បានភៀសខ្លួនចេញពីមីយ៉ាន់ម៉ាទៅកាន់ប្រទេសជិតខាងបង់ក្លាដែស ក្នុងឆ្នាំ២០១៧ អំឡុងពេលមានការបង្រ្កាបដោយយោធាដែលឥឡូវនេះក្លាយជាកម្មវត្ថុនៃសំណុំរឿងប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ។
យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ហើយសង្រ្គាមដែលបន្តមានឥតទាន់ចប់ ចាប់តាំងពីពេលនោះមក បានបង្ខំឲ្យមនុស្សរាប់លាននាក់ភៀសខ្លួន៕
