រដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសស៊ីរី មានឃ្លាំងយុទ្ធសាស្ត្រនៃទំនិញសំខាន់ៗគ្រប់គ្រាន់សម្រាប់រយៈពេល៥ ទៅ ៦ខែ ខាងមុខនេះ។ នេះបើយោងតាមលោក Maher Khalil al-Hassan រដ្ឋមន្ត្រីស្តីទីទទួលបន្ទុក ពាណិជ្ជកម្មផ្ទៃក្នុង។
ថ្លែងទៅកាន់សារព័ត៌មាន Al Arabiya កាលពីថ្ងៃព្រហស្បតិ៍ លោក Hassan បាននិយាយថា អាជ្ញាធរគ្រោងនឹងពិនិត្យឡើងវិញនូវបទប្បញ្ញត្តិ និងកាត់បន្ថយពន្ធនាំចូល ដើម្បីធ្វើឲ្យទីផ្សារក្នុងស្រុក ចាប់ផ្តើមដំណើរការឡើងវិញ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា វិធីសាស្រ្តសេដ្ឋកិច្ចសេរី និងការដកការរឹតបន្តឹងលើទំនិញសំខាន់ៗមួយចំនួន នឹងជួយបន្ថយការចំណាយ។
លោក Hassan បាននិយាយថា រដ្ឋបាលរបស់លោក កំពុងពិចារណាលើកំណែទម្រង់ជាបន្តបន្ទាប់ រួមទាំងការដំឡើងប្រាក់ឈ្នួល រហូតដល់ ៤០០ភាគរយ និងការដកការគាំទ្រពីរដ្ឋាភិបាលពីទំនិញយុទ្ធសាស្ត្រមួយចំនួន ដើម្បីធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងទប់ស្កាត់ការឆ្ឆៀតឱកាសកេងយកផលចំណេញ។

