ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការរបស់ប្រទេសលីបង់ (NNA) បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បំពាក់ដោយគ្រឿងចក្រឈូសឆាយធំៗ និងការពារដោយរថក្រោះ Merkava កំពុងធ្វើប្រតិបត្តិការកម្ទេច និងឈូសឆាយទីប្រជុំជនព្រំដែនមួយចំនួន នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍។
សារព័ត៌មាន NNA បានឲ្យដឹងថា គ្រឿងចក្រឈូសឆាយរបស់អ៊ីស្រាអែល នៅតែបន្តបំផ្ទុះ កម្ទេច និងឈូសឆាយផ្ទះសម្បែង នៅក្នុងភូមិ Kfar Kila, Maroun al-Ras និងសង្កាត់ខាង ក្នុងនៃទីក្រុង Naqoura ។
ប្រភពសន្តិសុខលីបង់ បានប្រាប់សារព័ត៌មានស៊ីនហួថា កងកម្លាំងអ៊ីស្រាអែល បាននិងកំពុងតាមដានការវាយកម្ទេចទ្រង់ទ្រាយធំ រយៈពេលបីថ្ងៃជាប់ៗគ្នា ហើយថា លីបង់បានលើកឡើងពីការរំលោភរបស់អ៊ីស្រាអែល នៅក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។
គណៈកម្មាធិការត្រួតពិនិត្យដែលមានសមាជិក ៥រូប ដែលរួមមានតំណាងមកពីសហរដ្ឋអាមេរិក បារាំង កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) និងកងទ័ពលីបង់ និងអ៊ីស្រាអែល បានបើកកិច្ចប្រជុំលើក ទី២ របស់ខ្លួន កាលពីថ្ងៃពុធ នៅទីស្នាក់ការកណ្តាលរបស់ UNIFIL ក្នុងទីក្រុង Naqoura។

