បាល់ទាត់៖ ខ្សែបម្រើអ៊ីតាលី Jorginho បានបង្កើតប្រវត្តិសាស្ត្រមួយនៅក្របខណ្ឌ English Premier League ក្រោយស៊ុតបាល់ ១១ម៉ែត្រមួយគ្រាប់ស្របពេល Chelsea យកឈ្នះនៅទឹកដី Newcastle ចុងសប្តាហ៍កន្លងទៅ។ ក្រុមរបស់លោក Thomas Tuchel បានយកឈ្នះនៅទឹកដី Newcastle United ៣-០ ដែលជាចំណែកមួយគ្រាប់របស់ Jorginho និងពីរគ្រាប់ទៀតធ្វើបានដោយខ្សែការពារ Reece James។

ជ័យជំនះរបស់ Chelsea ធ្វើឱ្យពួកគេបន្តនាំមុខគេក្នុងតារាងស្របពេល Liverpool និង Manchester City សុទ្ធតែបាត់បង់បីពិន្ទុ។ បើយើងតាមការកត់ត្រារបស់ OptaJoe, Jorginho បានក្លាយជាកីឡាករទី១ ដែលស៊ុតបញ្ចូលទី ១០គ្រាប់ចុងក្រោយរបស់ខ្លួនដែលសុទ្ធសឹងតែជាបាល់ ១១ម៉ែត្រ។ មួយគ្រាប់ទល់នឹង Newcastle គឺជាក្រុមដំបូងរបស់គេប៉ុណ្ណោះនៅ Premier League រដូវកាលនេះតែបូកសរុបទាំង ៩គ្រាប់ចុងក្រោយរដូវកាលមុនគឺសុទ្ធតែជាបាល់ ១១ម៉ែត្រ។ រដូវកាលនេះនៅ UEFA Champions League, Jorginho ក៏ស៊ុតបាន ២គ្រាប់ដែរពេល Chelsea យកឈ្នះ Malmo ៤-០៕
អត្ថបទ៖នាង សុភាវុធ