មន្ត្រីនៅការិយាល័យរបស់លោក Han Duck-soo នៅថ្ងៃសុក្រ (ទី២០ ខែធ្នូ) នេះ បានឲ្យដឹងថា នគរបាលកូរ៉េខាងត្បូង បានសាកសួរប្រធានាធិបតីស្តីទីរូបនេះ និងលោកនាយករដ្ឋមន្ត្រី ដែលជាផ្នែកមួយនៃការស៊ើបអង្កេត ជុំវិញការសម្រេចចិត្តដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លី។
លោក Han ស្ថិតក្នុងចំណោមមនុស្ស ១២នាក់ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែធ្នូ ក្នុងរយៈពេលមិនជាយូរប៉ុន្មានមុនពេលមានការប្រកាសច្បាប់អាជ្ញាសឹកដ៏គួរឲ្យភា្ញក់ផ្អើលនាពេលយប់របស់ប្រធានាធិបតី លោក Yoon Suk Yeol។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា មនុស្ស ៩នាក់ ក្នុងចំណោមបុគ្គលទាំងនោះ ត្រូវបានសាកសួរដោយអង្គភាពនគរបាលពិសេសដែលកំពុងស៊ើបអង្កេតករណីនេះ។
លោក Han បានក្លាយជាប្រធានាធិបតីស្តីទី បន្ទាប់ពីលោក Yoon ត្រូវបានសភាបោះឆ្នោតចោទប្រកាន់ កាលពីថ្ងៃទី១៤ ខែធ្នូ។ មន្ត្រីនៅការិយាល័យរបស់លោក Han មិនបានប្រាប់ថា តើលោកត្រូវបានសាកសួរនៅពេលណានោះទេ ប៉ុន្តែបាននិយាយថា វាបានកើតឡើងមុនពេលលោក Han ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី។
នៅមុននេះ លោក Han បាននិយាយថា លោកបានជំទាស់នឹងការប្រកាសច្បាប់អាជ្ញាសឹក ដែលលោក Yoon បានដកចេញវិញ បន្ទាប់ពីបានដាក់ចេញត្រឹមតែ ៦ម៉ោង នៅពេលដែលសមាជិកសភាពេញដោយកំហឹង បានច្រានចោលក្រឹត្យរបស់លោក៕