រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្រូអាត និយាយថា សិស្សម្នាក់ ត្រូវបានសម្លាប់ពេលជនដៃដល់កាន់កាំបិតវាយប្រហារគ្រូបង្រៀនម្នាក់ និងសិស្សរបស់គាត់នៅក្នុងសាលាបឋមសិក្សាក្រូអាតនាថ្ងៃសុក្រនេះ ។
សារព័ត៌មានក្រូអាត រាយការណ៍ថា សិស្ស ៨នាក់ និងគ្រូបង្រៀនម្នាក់ បានរងរបួសនៅក្នុងសាលាស្ថិតក្នុងរដ្ឋធានី Zagreb ហើយជនដៃដល់ត្រូវបានឃាត់ខ្លួនដោយក្រុមនគរបាល ។
នគរបាល និយាយថា ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ បានស្លាប់ ។ ការវាយប្រហារនេះ បានកើតឡើងនៅវេលាម៉ោង ៩ និង ៥០នាទីព្រឹកម៉ោងក្នុងស្រុកនៅសាលាបឋមសិក្សា Precko ហើយជនដៃដល់គឺជាបុរសវ័យក្មេងម្នាក់ ។
ទូរទស្សន៍ Nova TV រាយការណ៍ពីសម្តីរដ្ឋមន្រ្តីសុខាភិបាលក្រូអាតលោក Irena Hristic ថា សិស្សម្នាក់ដែលស្ថិតក្នុងចំណោមសិស្សរងរបួស បានស្លាប់ ។
លោក Hristic និយាយថា ឃាតករគឺជាបុរសវ័យ ១៨ឆ្នាំម្នាក់ ខណៈសារព័ត៌មានក្នុងស្រុក រាយការណ៍ ជនដៃដល់មានអាយុ ១៩ឆ្នាំ ។
ដោយឡែក នាយករដ្ឋមន្រ្តីក្រូអាតលោក Andrej Plenkovic បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងពិតជាមានក្តីរន្ធត់ជាខ្លាំងចំពោះហេតការណ៍ដែលបានកើតឡើង។ លោកថា ក្រុមអាជ្ញាធរកំពុងធ្វើការដើម្បីកំណត់ពីមូលហេតុពិតប្រាកដ នៅពីក្រោយការវាយប្រហារនេះ ៕