ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា នៅថ្ងៃសុក្រ (ទី២០ ខែធ្នូ) នេះ កងកម្លាំងរុស្ស៊ីបានវាយប្រហារគោលដៅយោធា ក្នុងប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់អាវុធកម្រិតខ្ពស់រយៈចម្ងាយឆ្ងាយ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារលើតំបន់ Rostov របស់ប្រទេសរុស្ស៊ី នៅក្នុងសប្តាហ៍នេះ ដែលអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក និងអង់គ្លេស។
កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែធ្នូ) រុស្ស៊ីបានអះអាងថា នៅមួយថ្ងៃមុននោះ អ៊ុយក្រែនបានបាញ់មីស៊ីល ATACMS រយៈចម្ងាយឆ្ងាយដែលផលិតដោយសហរដ្ឋអាមេរិកចំនួន ៦គ្រាប់ និងមីស៊ីល Storm Shadow ដែលផលិតដោយអង់គ្លេសចំនួន ៤គ្រាប់ សំដៅចូលតំបន់ Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។
មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី នៅថ្ងៃទី២០ ខែធ្នូនេះ បានសម្លាប់មនុស្សម្នាក់ និងបណ្ដាលអគារជាច្រើនខ្នងរងខូចខាត នៅទូទាំងទីក្រុងគីវ បន្ទាប់ពីសំឡេងផ្ទុះបានលាន់ឡើងនៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាដែលជាកម្មសិទ្ធិរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ SBU របស់អ៊ុយក្រែន ការិយាល័យគូរប្លង់ Luch ក្នុងទីក្រុងគីវ ជាកន្លែងដែលខ្លួនបាននិយាយថា មានពាក់ព័ន្ធនឹងការរចនា និងការផលិតមីស៊ីល ព្រមទាំងឧបករណ៍ប្រឆាំងមីស៊ីល Patriot ដែលផលិតដោយអាមេរិក។
ក្រសួងបានប្រាប់ថា៖ «ការដាក់គោលដៅវាយប្រហារ ទទួលបានជោគជ័យ។ គោលដៅទាំងអស់ត្រូវបានវាយប្រហារ តាមការគ្រោងទុក»។
យ៉ាងណាក្ដី ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ ចំពោះការអះអាង នៅសមរភូមិនេះបានទេ៕