កងទ័ពឧទ្ទាមអារ៉ាកាន់របស់មីយ៉ាន់ម៉ា បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញសមាជិកកងកម្លាំងរបបសឹក សុំចុះចាញ់នៅទីក្រុង Ann ស្ថិតក្នុងរដ្ឋ Rakhine ។
មនុស្សជាច្រើនដែលនាំគ្នាលើកដៃឡើងលើ និងគ្រវីកំណាត់ពណ៌ស ត្រូវបានគេមើលឃើញរត់ចេញពីអគារ ពេលដែលស្នូរគ្រាប់កាំភ្លើងបន្លឺឡើង និងការផ្ទុះអាវុធទៅលើអាកាស ។ នៅក្នុងរូបភាពវីដេអូឃ្លីបនេះដែរ ឃើញសកម្មប្រយុទ្ធជាច្រើននាក់ រងរបួស និងដេកដួលលើដី ។
ចំណងជើងអមដោយវីដេអូនៅលើបណ្តាញព័ត៌មានសង្គម Telegram របស់កងទ័ពអារ៉ាកាន់ និយាយថា ក្រុមសកម្មប្រយុទ្ធទាំងនេះ គឺជាទាហានរបបសឹកមីយ៉ាន់ម៉ា មកពីកងបញ្ជាការភូមិភាគលិច ដែលបានរត់គេច ក្រោយរបបសឹកទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពរបស់ពួកគេ ដើម្បីការពារទាហានពីការរត់ចោលជួរ ។
ទីតាំងរូបភាពវីដេអូឃ្លីប ត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ដោយស្ទឹង រចនាសម្ព័ន្ធ វាលលេងកីឡា ដើមឈើ និងអគារដែលផ្គូផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយពីពេលវេលាថតវីដេអូ ។
រដ្ឋភាគខាងលិច Rakhine ត្រូវបានគេមើលឃើញការហក់ឡើងខ្ពស់អំពើហិង្សា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ បន្ទាប់ពីការដួលរលំបទឈប់បាញ់រវាងក្រុមឧទ្ទាមដ៏មានអំណាច គឺកងទ័ពអារ៉ាកាន់ និងយោធាមីយ៉ាន់ម៉ា ៕