ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅដើមឆ្នាំ២០២៥ខាងមុខនេះ នឹងដាក់ឱ្យដំណើរការប្រើប្រាស់បញ្ជរសេវាសាធារណៈចល័តចំនួន ១០០គ្រឿង សម្រាប់សាធារណជនប្រើប្រាស់ជាជំហានទី១ នៅតាមទីតាំងសាធារណៈនានា បន្ទាប់មកទៀត ក៏នឹងដាក់ជាបន្តបន្ទាប់ទៀតសរុបប្រមាណ ១,០០០គ្រឿង ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ សុវណ្ណ វណ្ណារតន៍ ក្នុងកិច្ចប្រជុំស្តីពី ការដាក់ឱ្យដំណើរការបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បញ្ជរសេវាសាធារណៈនេះ ជាស្នាដៃរបស់សិស្ស-និស្សិតរបស់វិទ្យាស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដែលបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត និយោជក រោងចក្រ សហគ្រាស និងសាធារណជន ក្នុងការទទួលយកសេវាសាធារណៈនានារបស់ក្រសួងនៅតាមទីតាំងសាធារណៈ ដែលនៅជិតគេហដ្ឋានរបស់ខ្លួន។
លោកជំទាវ បានលើកឡើងបន្តថា បញ្ជរសេវាសាធារណៈមួយនេះ មានមុខងារសំខាន់ៗចំនួន៨ ដូចជា៖ សេវាចុះឈ្មោះស្វែងរកការងារ (Job Seeker) , សេវាចុះឈ្មោះស្វែងរកបុគ្គលិក (Job Provider) , សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ (Skill & TVET Enrollment) , សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស (Overseas Job Seeker) , សេវាចុះឈ្មោះសមាជិក ប.ស.ស. (Social Security Registration) , សេវាតាមដានសេវាសាធារណៈក្រសួងការងារ (MLVT Public Service Tracking) , ប្រអប់បណ្តឹងអនាមិក (Anonymous Complaint Box) និងប្រអប់សំណូមពរ (Opinion Box) ។
សូមបញ្ជាក់ថា កិច្ចប្រជុំស្តីពី ការដាក់ឱ្យដំណើរការបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងដើម្បីផ្សព្វផ្សាយអំពីបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងទៅកាន់វិស័យឯកជន ដើម្បីបង្ខិតសេវាទៅកាន់សាធារណជនទូទៅ , បង្កើនកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដើម្បីបង្កើនភាពងាយស្រួលសម្រាប់សាធារណជនក្នុងការទទួលបាននូវឱកាសការងារយ៉ាងសម្បូរបែប និងស្នើសុំទីតាំងសម្រាប់ដាក់ដំណើរការបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួង នៅតាមសាកលវិទ្យាល័យ, គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, សាលាខណ្ឌ, សាខា ប.ស.ស., ផ្សារទំនើប, និងទីតាំងអាជីវកម្មនានា៕






