ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពជាតិស្តីពី គំនូរឌីជីថល ក្រោមប្រធានបទ«សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព»និងសម្ពោធពិព័រណ៌ស្នាដៃសិប្បកម្មដូនតា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០២៤ នៅសារមនី្ទរខ្លែងខ្មែរ រាជធានីភ្នំពេញ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានកោតសរសើរចំពោះក្រុមការងារទាំងអស់ ដែលបានកិច្ចខិតខំប្រឹងប្រែង និងសហការសម្របសម្រួល រៀបចំព្រឹត្តិការណ៍មួយនេះឱ្យលេចរូបរាង ដើម្បីបង្ហាញដល់គ្រប់មជ្ឈដ្ឋានឱ្យបានឃើញអំពីកម្លាំងរួមមួយ មកពីគ្រប់ជំនាញ គ្រប់វ័យ ក្នុងការចូលរួមពង្រឹងកិច្ចការពារ អភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌអរូបីដ៏ថ្លៃថ្លា របស់ជាតិ និងសូមចាត់ទុកព្រឹត្តិការណ៍ទាំង៣ថ្ងៃនេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ការចូលរួមអភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃមរតកវប្បធម៌ឱ្យកាន់តែផុលផុស។ ទន្ទឹមនឹងនេះ ការចូលរួមនិងការខិតខំបញ្ចេញ សមត្ថភាពទេពកោសល្យរបស់ក្មួយៗជាយុវជន សិស្ស និស្សិតផ្នែកសិល្បៈគំនូរបែបឌីជីថល ក៏សបញ្ជាក់ឱ្យឃើញពីទម្រង់សិល្បៈថ្មី និងទាន់សម័យបច្ចេកវិទ្យា នៃសង្គមឌីជីថល និងទីផ្សារ ព្រមទាំងបង្ហាញឱ្យឃើញ ពីគំនិតច្នៃប្រឌិដ្ឋបង្កើតថ្មីក្នុងសិល្បៈគំនូរ ស្របទៅតាមអនុសញ្ញាឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។ សិល្បៈគំនូរឌីជីថល គឺជាការតភ្ជាប់គំនិតនៃបច្ចេកវិទ្យាទំនើបឌីជីថល និងសិល្បៈវប្បធម៌ សិប្បកម្ម ប្រពៃណី។ ដើម្បីនិរន្តរភាពទៅមុខ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត យល់ថាគួរពង្រីកសកម្មភាពឱ្យកាន់តែទូលំទូលាយ ផ្សព្វផ្សាយឱ្យបានកាន់តែផុលផុស និងរិះរកគំនិតថ្មីៗបន្ថែមទៀត ក្នុងន័យផ្សារភ្ជាប់បច្ចេកវិទ្យា ជាមួយនិងសិល្បៈផ្នែកសូនរូប និងសិប្បកម្ម ដូចជា ការសិក្សាចងក្រងក្បាច់ ក្បួនខ្នាត ដោយគំនូរបែបឌីជីថល ការផលិតសិល្បៈសូនរូប ឬរូបចម្លាក់ដោយបច្ចេកទេស3D ឬអ្វីផ្សេងទៀតតាមសម័យនិយម និងការសិក្សាបច្ចេកទេសថ្មីៗជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីជ្រោមជ្រែងផលិតផលសិប្បកម្មជូនតា ឱ្យកាន់តែសម្បូរបែប និងមានវត្តមានកាន់តែច្រើននៅលើទីផ្សារជាតិ និងអន្តរជាតិ។
បើតាមឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌ បានឲ្យដឹងថា ការរៀបចំមហោស្រពជាតិ និងពិព័រណ៍ស្នាដៃសិប្បកម្មដូនតា គឺជាការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ របស់នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ក្រោមការដឹកនាំ និងជួយជ្រោមជ្រែង របស់អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ និងដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួង។ ការរៀបចំពិព័រណ៌នៅពេលនេះ មានស្តង់សិប្បកម្មដែលអញ្ជើញមកពីសហគមន៍ផ្សេងៗចំនួន៣០ ដែលក្រុមការងារយើងបែងចែកជាបួនផ្នែកគឺ៖ ១. សាលពិព័រណ៍ថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ក្នុងរយៈពេល៣ថ្ងៃនេះ នឹងមានការ រៀបចំដាក់តាំងបង្ហាញស្នាដៃសិស្ស នៃថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដែលមានថ្នាក់បណ្តុះបណ្តាលនៅទីតាំងចំនួន១០ ក្នុងខេត្តចំនួន៥ គឺខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តសៀមរាប និងមានតាំងវត្ថុសិល្បៈសិប្បកម្មដូចជា កុលាលភាជន៍ ចម្លាក់ស្បែក តម្បាញសូត្រ ខ្លែងឯក ខ្មុកម្រ័ក្សណ៍ ចម្លាក់ស្មិត ចម្លាក់ថ្ម។
២.សាលពិព័រណ៍ក្រមាខ្មែរ ក្រមាជាអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលទើបត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ ក្នុងផ្នែកនេះ មានតាំងបង្ហាញអំពីសាវតាក្រមា ប្រភេទក្រមា តាមសហគមន៍ និងឈ្មោះផ្សេងៗទៀតដូចជាកន្សែង ឆ្នួត សំពត់ដណ្តប់ និងផាហ៊ុមជាដើម។ ទន្ទឹមនេះ មានការដាក់តាំងរូបថតឯកសារពាក់ព័ន្ធនឹងការប្រើប្រាស់ក្រមា ក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងប្រពៃណីខ្មែរពីបណ្តាសហគមន៍ផ្សេងៗ។ មួយជ្រុងទៀតនៃផ្នែកទី២នេះ មានការបង្ហាញពីសិល្បៈច្នៃប្រឌិដ្ឋ ក្នុងគំនិតថ្មី ដោយប្រើប្រាស់ក្រមាដូចជាសម្លៀកបំពាក់ច្នៃពីក្រមា កាបូបដៃ កាបូបស្ពាយ កាបូបដាក់ប៊ិច ព្រមទាំងការបង្ហាញវិធីត្បាញក្រមាដោយប្រើកីបុរាណ។
៣.ស្តង់ពិព័រណ៍ស្នាដៃសិប្បកម្មជូនតា និងម្ហូបអាហារខ្មែរ ផ្នែកទី៣នេះមានការរៀបចំស្តង់ស្នាដៃ សិប្បកម្មជូនតាចំនួន៥ស្តង់ ដែលនឹងមានការតាំងបង្ហាញផលិតផលសិប្បកម្មដូចជា តម្បាញរុក្ខជាតិ តម្បាញសូត្រ-អំបោះ ចម្លាក់ប្រាក់ ចម្លាក់ថ្ម ចម្លាក់ឈើ ចម្លាក់ស្បែក តម្បាញចចូក កាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងផលិតផលប្រើប្រាស់ផ្សេងៗទៀត ទន្ទឹមនឹងនោះក៏មានស្តង់បង្ហាញម្ហូប នំ និងភេសជ្ជៈប្រពៃណីខ្មែរ ដើម្បីផ្តល់ឱកាសជូនសាធារណជនបានភ្លក់ និងសិក្សាស្វែងយល់។
៤.ការប្រឡងស្នាដៃសិល្បៈគំនូរឌីជីថល គណៈកម្មការរៀបចំការប្រឡង បានកំណត់យកប្រធានបទ “សម្រស់មាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព” ដើម្បីឱ្យបេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យសុំប្រលង ចំនួន ១៤៥នាក់ (ស្រី៤៨នាក់) មកពីរាជធានី-ខេត្ត អង្គការ និងសាកលវិទ្យាល័យរដ្ឋ និងឯកជនបានបញ្ចេញទេពកោសល្យសិល្បៈគំនូរផ្នែកឌីជីថល ប្រឡងប្រជែងដែលមានរយៈពេល៣ខែ ដោយចាប់ផ្តើមផ្សព្វផ្សាយ ពីខែតុលា ដល់ដើមខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មការមេប្រយោគដែលសុទ្ធតែជាអ្នកជំនាញខាងសិល្បៈគំនូរ ជាអ្នកពិនិត្យវាយតម្លៃស្នាដៃបេក្ខជន ដើម្បីសម្រេចជ្រើសរើសយកជ័យលាភី លេខ១ លេខ២ និងលេខ៣ ហើយស្នាដៃរបស់បេក្ខជន-បេក្ខនារី ដែលជាប់ចំណាត់ថ្នាក់ក៏មានការដាក់តាំងបង្ហាញជូនអង្គពិធីទស្សនា៕
អត្ថបទ រដ្ឋា





























