អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកម្នាក់ បានប្រាប់មេដឹកនាំថ្មីរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa កាលីថ្ងៃសុក្រ ទី២០ ខែធ្នូ ថា ទីក្រុងវ៉ាស៊ីនតោន កំពុងលុបចោលការផ្តល់រង្វាន់សម្រាប់ការចាប់ខ្លួនលោក ហើយបានស្វាគមន៍ «សារជាលក្ខណៈវិជ្ជមាន» ពីកិច្ចពិភាក្សា រួមទាំងការសន្យាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
លោកស្រី Barbara Leaf អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោនប្រចាំនៅតំបន់មជ្ឈិមបូព៌ា បានធ្វើការអត្ថាធិប្បាយដូច្នេះ បន្ទាប់ពីលោកស្រីបានជួបជាមួយ លោក Sharaa ក្នុងទីក្រុងដាម៉ាស ជាបេសកកម្មផ្លូវការលើកដំបូងទៅកាន់រដ្ឋធានីរបស់ប្រទេសស៊ីរី ធ្វើឡើងដោយអ្នកការទូតសហរដ្ឋអាមេរិក ចាប់តាំងពីដើមដំបូងនៃសង្រ្គាមស៊ីវិលនៅប្រទេសស៊ីរី។
ការវាយលុកលឿនដូចផ្លេកបន្ទោរ ដែលបានផ្តួលរំលំប្រធានាធិបតី លោក Bashar al-Assad កាលពីថ្ងៃទី៨ ខែធ្នូ ដឹកនាំដោយក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham (HTS) មានឫសគល់នៅក្នុងសាខារបស់ក្រុមអាល់កៃដានៅប្រទេសស៊ីរី ប៉ុន្តែបានស្វែងរកការសម្របសម្រួលរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ជំនួបរបស់លោកស្រី Leaf ជាមួយប្រធានក្រុម HTS លោក Sharaa បានធ្វើឡើង ទោះបីជាទីក្រុងវ៉ាស៊ីនតោន នៅតែចាត់ទុកក្រុមរបស់លោកថាជាអង្គការភេរវកម្ម ក៏ដោយ។ លោកស្រី Leaf បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបថា «ដោយផ្អែកលើការពិភាក្សារបស់យើង ខ្ញុំបានប្រាប់លោក Sharaa ថា យើងនឹងមិនបន្តការផ្តល់រង្វាន់សម្រាប់រង្វាន់ដ៏យុត្តិធម៌សម្រាប់ការចាប់ខ្លួនលោក ដែលបានចូលជាធរមានក្នុងប៉ុន្មានឆ្នាំមកនេះ នោះទេ»។
លោកស្រី បាននិយាយថា «យើងស្វាគមន៍សារវិជ្ជមាន» ពីលោក Sharaa ។ «យើងនឹងស្វែងរកវឌ្ឍនភាពលើគោលការណ៍ និងសកម្មភាពជាច្រើន ពុំមែនគ្រាន់តែពាក្យសម្ដីប៉ុណ្ណោះទេ»។
«យើងគាំទ្រយ៉ាងពេញលេញ នូវដំណើរការនយោបាយផ្ទាល់ ដឹកនាំនិងគ្រប់គ្រង ដោយប្រទេសស៊ីរី ដែលនាំឱ្យមានរដ្ឋាភិបាលរួមគ្នា និងរដ្ឋាភិបាលតំណាង ដែលគោរពសិទ្ធិរបស់ប្រជាជនស៊ីរីទាំងអស់ រួមទាំងស្ត្រី សហគមន៍សាសនា និងជនជាតិភាគតិចចម្រុះនៅប្រទេសស៊ីរី»។