សភារបស់សហរដ្ឋអាមេរិកគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានអនុម័តច្បាប់ កាលពីថ្ងៃសុក្រដែលនឹងបញ្ចៀសការបិទរដ្ឋាភិបាលនៅពេលពាក់កណ្តាលអធ្រាត្រ ដោយផ្គើនទៅនឹងការទាមទាររបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ក្នុងការបើកភ្លើងខៀវចំពោះបំណុលថ្មីរាប់ពាន់លានដុល្លារ។
នៅពេលបន្ទាប់ ព្រឹទ្ធសភាដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ នឹងត្រូវអនុម័តសេចក្តីស្នើច្បាប់នេះ ដើម្បីធានាបានថា រដ្ឋាភិបាលនឹងត្រូវបានផ្តល់មូលនិធិហួសពីពេលពាក់កណ្តាលអធ្រាត្រ ម៉ោងក្នុងស្រុក នៅថ្ងៃសៅរ៍នេះ ក្នុងពេលដែលការផ្តល់មូលនិធិបច្ចុប្បន្ន ផុតកំណត់។ សេតវិមានបាននិយាយ ថាប្រធានាធិបតី លោក Joe Biden មានបំណងចុះហត្ថលេខាសេចក្តីស្នើច្បាប់នេះ ឲ្យចូលជាច្បាប់ ប្រសិនបើអាចធ្វើទៅបាន។
ច្បាប់នេះ នឹងបន្តផ្តល់មូលនិធិដល់រដ្ឋាភិបាលរហូតដល់ថ្ងៃទី១៤ ខែមីនា ដោយផ្តល់១០០ពាន់លានដុល្លារសម្រាប់រដ្ឋនានាដែលរងការបំផ្លាញដោយគ្រោះមហន្តរាយ និង១០ពាន់លានដុល្លារទៀតសម្រាប់កសិករ។ វានឹងមិនបង្កើនការកំណត់បំណុលនោះទេ ជាកិច្ចការដ៏លំបាកមួយ ដែលលោក Trump បានជំរុញឱ្យសភាធ្វើ នៅមុនពេលលោកចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា។
ប្រធានសភា លោក Mike Johnson បាននិយាយថា គណបក្សសាធារណរដ្ឋ នឹងមានអំណាចបន្ថែមទៀតដើម្បីមានឥទ្ធិពលលើការចំណាយរបស់រដ្ឋាភិបាលនៅឆ្នាំក្រោយ នៅពេលដែលពួកគេនឹងមានសំឡេងភាគច្រើននៅក្នុងសភាទាំងពីរ ហើយលោក Trump នឹងនៅក្នុងសេតវិមាន។