មេដឹកនាំពិភពលោក បានចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះនៃការវាយប្រហារនៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ បន្ទាប់ពីអ្នកបើកបររថយន្តម្នាក់ បានបើករថយន្តបុកចូលហ្វូងមនុស្សដ៏ច្រើននៅទីផ្សារបុណ្យណូអែល បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់ និងរងរបួស ៦៨នាក់។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា «ប្រទេសបារាំងចួលរួមរំលែកការឈឺចាប់ជាមួយប្រជាជនអាល្លឺម៉ង់ និងបង្ហាញពីសាមគ្គីភាពដ៏ជ្រាលជ្រៅរបស់ខ្លួន»។
នាយករដ្ឋមន្ត្រីហូឡង់ លោក Dick Schoof បាននិយាយថា ប្រទេសហូឡង់ឈរ «កៀកស្មាជាមួយប្រទេសជិតខាងអាល្លឺម៉ង់របស់យើង នៅក្នុងពេលវេលាដ៏ខ្មៅងងឹតនេះ» ហើយ អាជ្ញាធររបស់ប្រទេសរបស់លោក កំពុងតាមដានការវិវត្តន៍នេះ។
មហាសេដ្ឋី លោក អ៊ីឡុនម៉ាស់(Elon Musk) ដែលគ្រោងនឹងចូលរួមជាមួយរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump របស់សហរដ្ឋអាមេរិកក្នុងនាមជាទីប្រឹក្សាមកពីខាងក្រៅ បានអំពាវនាវឱ្យអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz លាលែងពីតំណែង។
ក្រុមមន្ត្រីកាលពីយប់ថ្ងៃសុក្រ បានចាត់ទុកហេតុការណ៍នេះថាជាការវាយប្រហារដោយចេតនា និងបានប្រកាសថា អ្នកបើកបររថយន្តត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Tamara Zieschang បានកំណត់អត្តសញ្ញាណជនសង្ស័យថា ជាវេជ្ជបណ្ឌិតមានអាយុ៥០ឆ្នាំ មកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានមកដល់ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០០៦ ។