ក្រុមអ្នកគាំទ្ររាប់ពាន់នាក់របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រមូលផ្តុំគ្នានៅរដ្ឋធានីសេអ៊ូលនៅថ្ងៃសៅរ៍ ២១ ធ្នូសប្ដាហ៍នេះ ទាមទារឱ្យប្រគល់តួនាទីប្រធានាធិបតីដល់លោកវិញ បន្ទាប់ពីរូបលោកត្រូវបានចោទប្រកាន់ជិតមួយសប្តាហ៍មុន ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹក។
អ្នកចូលរួមការជួបជុំអ្នកស្រី Moon Myung-sook វ័យ៧៥ ឆ្នាំបាននិយាយថាអ្នកស្រីមានការខឹងសម្បាចំពោះការចោទប្រកាន់ទម្លាក់តំណែងលោក Yoon ដោយនិយាយថាខ្ញុំមកទីនេះដោយកំហឹងយ៉ាងខ្លាំង។ ខ្ញុំពិតជាជឿថាច្បាប់អាជ្ញាសឹកគឺសមហេតុផល និងអាចទទួលយកបាន ខ្ញុំពិបាកចិត្តខ្លាំងណាស់ វាធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក ហើយខ្ញុំពិតជាខូចចិត្តខ្លាំងណាស់។ ហេតុនេះហើយបានជាខ្ញុំចេញមកថ្ងៃនេះ ដើម្បីថ្កោលទោសយ៉ាងដាច់ណាត់ចំពោះរឿងនេះ។
តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងនឹងត្រូវសម្រេចថាតើត្រូវដកតំណែងលោក Yoonឬអត់។ ប្រសិនបើលោកត្រូវបានគេដកចេញ ឬលាលែងពីតំណែង ការបោះឆ្នោតថ្មីនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃ។
គួររម្លឹកថាលោក Yoon បានធ្វើឱ្យប្រទេសជាតិភ្ញាក់ផ្អើលកាលពីថ្ងៃទី ៣ខែធ្នូ នៅពេលលោកបានផ្តល់អំណាចគ្រាអសន្នឱ្យយោធាលុបបំបាត់នូវអ្វីដែលលោកហៅថាកម្លាំងប្រឆាំងរដ្ឋ និងរារាំងគូប្រជែងនយោបាយ ប៉ុន្តែក្រោយមកបានដកក្រឹត្យនោះចេញវិញ៕