យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួនបានដកថយពីតំបន់ជុំវិញភូមិ Uspenivka និងភូមិ Trudove នៅភាគខាងកើតតំបន់ Donetsk ដើម្បីជៀសវាងការឡោមព័ទ្ធរបស់កងទ័ពរុស្ស៊ី។
ស្របពេលសង្រ្គាមនៅតែបន្តបានឈានចូលដល់ខែទី៣៣ កងកម្លាំងអ៊ុយក្រែនបានចូលរួមក្នុងសមរភូមិការពារដ៏ខ្លាំងក្លា ខណៈកងកម្លាំងរបស់រុស្ស៊ីកំពុងបង្កើនការរុលឆ្ពោះទៅកាន់សមរភូមិជួរមុខ។
ក្រុមកងកម្លាំង Khortytsia របស់អ៊ុយក្រែនបាននិយាយនៅលើបណ្ដាញ Telegram ថាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានសម្រេចចិត្តដកអង្គភាពនៃកងកម្លាំងការពារអ៊ុយក្រែនចេញពីតំបន់ដែលមានស្ថានភាពប្រយុទ្ធយ៉ាប់យ៉ឺនដើម្បីជៀសវាងការឡោមព័ទ្ធ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា អង្គភាពយោធាបានចៀសវាងការឡោមព័ទ្ធ ហើយនឹងបន្តប្រតិបត្តិការនៅក្នុងតំបន់ Kurakhove-Konstantinopolske ។
អគ្គសេនាធិការរបស់អ៊ុយក្រែនបានរាយការណ៍ពីការប្រយុទ្ធគ្នាចំនួន ១៨ទីតាំងនៅសមរភូមិ ទីប្រជុំជនKurakhove កាលពីមួយថ្ងៃមុន ជាមួយកងកម្លាំងរុស្ស៊ីដែលប៉ុនប៉ងឆ្ពោះទៅភាគខាងជើងនៃទីប្រជុំជននេះ៕