
ស៊ីរ៉ែនបានបន្លឺឡើងនៅកណ្តាលប្រទេសអ៊ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ២១ ខែធ្ននេះ ខណៈ មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែនមិនអាចស្ទាក់ចាប់បាន នេះបើយោងតាមយោធាអ៊ីស្រាអែល។
ស៊ីរ៉ែនត្រូវបានរោទិ៍នៅម៉ោងប្រហែល៣:៤៧ នាទី ព្រឹក ។ រូបភាពរបស់សារព័ត៌មាន Reuters ពីទីក្រុង Tel Aviv បានបង្ហាញពីការបាញ់អាវុធ ភ្លឺពាសពេញផ្ទៃមេឃ និងការស្ទាក់ចាប់បានមួយចំនួន។ ក្រោយមកគេបានលឺសំឡេងផ្ទុះយ៉ាងខ្លាំង។

យោធាអ៊ីស្រាអែលបានបញ្ជាក់ថា កងកម្លាំងអាកាសអ៊ីស្រាអែល (IAF) មិនអាចស្ទាក់ចាប់មីស៊ីលមួយដែលបាញ់ចេញពីប្រទេសយេម៉ែនបានទេ។
ក្រុមឧទ្ទាម ហ៊ួទី ដែលមានមូលដ្ឋាននៅយេម៉ែន បានបាញ់យានដ្រូន និងមីស៊ីល ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ជាច្រើនលើក ដោយហៅសកម្មភាពទាំងនេះថាជាការបង្ហាញនូវសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដែលបានទទួលរងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣មក បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលសម្លាប់មនុស្ស ១.២០០នាក់៕