ក្រុមបាតុករស្តាំនិយមប្រហែលមួយរយនាក់បានដើរដង្ហែរក្បួនដោយស្ងៀមស្ងាត់តាមដងផ្លូវនៃទីក្រុង ម៉ែកដេប៊ើក (Magdeburg)កាលពីល្ងាចថ្ងៃសៅរ៍ ទី២១ ខែធ្នូ ដោយអំពាវនាវឱ្យមានការចាប់បញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ក្រោយបុរសម្នាក់បានវាយប្រហារដោយការបើករថយន្តបំបុកលចូលផ្សារបុណ្យណូអែលក្នុងទីក្រុងមួយរបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រ បានសម្លាប់មនុស្ស៥ នាក់ និង២០០នាក់រងរបួស។

ក្រុមអាជ្ញាធរកំពុងស៊ើបអង្កេតវេជ្ជបណ្ឌិតជនជាតិអារ៉ាប៊ីសាអ៊ូឌីតម្នាក់ដែលមានប្រវត្តិប្រឆាំងនឹងសាសនាអ៊ីស្លាម ប៉ុន្តែបាននិយាយថាហេតុផលមិនច្បាស់លាស់ទេ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋអាជ្ញាក្រុងម៉ែកដេប៊ើក លោក Horst Nopens បាននិយាយថា កត្តាដែលអាចកើតមានអាចជាអ្វីដែលលោកហៅថាការខកចិត្តរបស់ជនសង្ស័យលើការដោះស្រាយរបស់អាល្លឺម៉ង់ចំពោះបញ្ហាជនភៀសខ្លួនអារ៉ាប៊ីសាអ៊ូឌីត។

ការវាយប្រហារកាលពីល្ងាចថ្ងៃសុក្រលើហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នាដើម្បីអបអររដូវកាលបុណ្យណូអែលអាចបង្កឲ្យមានការជជែកដេញដោលដ៏ក្ដៅគគុកមួយនៅក្នុងប្រទេសអាល្លឺម៉ង់អំពីសន្តិសុខ និងការធ្វើអន្តោប្រវេសន៍នៅមុនការបោះឆ្នោតសាកលក្នុងខែកុម្ភៈឆ្នាំ២០២៥ខាងមុខ ខណៈការស្ទង់មតិបង្ហាញថាគណបក្សស្តាំនិយមជ្រុលនឹងមានប្រៀបឈ្នះ៕