ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចុះឆ្មក់ពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអារក្សត្នោត ខេត្តកំពង់ចាម ដោយមិនបានជូនដំណឹងជូនមុន ក្នុងគោលបំណងពិនិត្យដោយផ្ទាល់អំពីប្រសិទ្ធភាព ស្ថានភាពការបម្រើសេវានាពេលយប់ ក៏ដូចជាឆ្លៀតចុះសួរសុខទុក្ខ លើកទឹកចិត្តដល់មន្រ្តី បុគ្គលិកសុខាភិបាល ដែលកំពុងបំពេញភារកិច្ច ការទទួលខុសត្រូវរបស់ខ្លួន, នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យជំនួយការម្នាក់ ដើរតួជាអ្នកមានបញ្ហាសុខភាព ដើម្បីចូលទៅស្វែងរកសេវាពិនិត្យសុខភាពនៅក្នុងមណ្ឌលសុខភាព។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានសង្កេតឃើញថា ប្រជាពលរដ្ឋមកទទួលសេវាច្រើនសមរម្យ និងស្រ្តីសម្រាលកូនមានចំនួនគួរសម ឥរិយាបថល្អ អនាម័យសមរម្យ ហេដ្ឋារចនាសម្ព័ន្ធល្អ បុគ្គលិក មន្រ្តីរាជការមានឆន្ទៈបំពេញការងារ ជាពិសេសប្រជាពលរដ្ឋមកប្រើប្រាស់មូលនិធិសមធម៌ និង ប.ស.ស នៅមណ្ឌលសុខភាព មានការកើនឡើងជាបន្តបន្ទាប់។
ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏ទទួលបានព័ត៌មានត្រឡប់ពីមន្រ្តីរាជការ បុគ្គលិកនៃមណ្ឌលសុខភាព សំដែងនូវការសប្បាយរីករាយ ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលរៀបចំឡើងរៀងរាល់ថ្ងៃអង្គារ ដែលឃើញថាជាវគ្គដែលមានសារៈសំខាន់ ព្រមទាំងស្នើសុំឱ្យមានវគ្គបែបនេះជាបន្តទៀត៕អត្ថបទ រដ្ឋា



