ការិយាល័យនៃឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) បានរាយការណ៍នៅចុងសប្ដាហ៍នេះថា ការឡោមព័ទ្ធ និងការប្រយុទ្ធគ្នាដែលនៅតែបន្ត នៅតំបន់អេល ហ្វាស័រ (El Fasher) ដែលជាទីក្រងរបស់ រដ្ឋ ដាហ្វួខាងជើង (North Darfur State) ក្នុងភាគខាងលិចប្រទេសស៊ូដង់ បានបណ្ដាលឲ្យជនស៊ីវិល យ៉ាងហោចណាស់៧៨២នាក់បានស្លាប់ និង១.១៤៣នាក់ ផ្សេងទៀត រងរបួសចាប់តាំងពីខែ ឧសភាឆ្នាំ២០២៤មក។

យោងតាមរបាយការណ៍ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បានកើនឡើងក្នុងខែមិថុនាឆ្នាំនេះ ខណៈដែលភាគីនានានៃជម្លោះបង្កើនការបាញ់ប្រហារតបតគ្នាឥតបបន្ធូរដៃនៅក្នុងតំបន់លំនៅឋានប្រជាពលរដ្ឋ។ ជនស៊ីវិលបានជាប់ក្នុងការប្រយុទ្ធគ្នា ខណៈផ្ទះសម្បែងនានា ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធា ហើយផ្សារផ្សេងៗ រងការវាយប្រហារ និងមានអំពើលួចប្លន់ជាដើម។ ជនស៊ីវិលជាច្រើនបានបាត់បង់ជីវិតក្នុងផ្ទះសម្បែងរបស់ពួកគេ នៅតាមផ្សារ ជិតមន្ទីរពេទ្យ ឬនៅតាមផ្លូវជាដើម។

របាយការណ៍បាននិយាយថា មនុស្សរាប់ពាន់នាក់នៅតែត្រូវបានឡោមព័ទ្ធនៅក្នុងទីក្រុងដោយគ្មានការធានានៃការឆ្លងកាត់ដោយសុវត្ថិភាព ហើយប្រឈមនឹងហានិភ័យនៃការស្លាប់ ឬរបួសពីការវាយប្រហារដោយមិនរើសមុខពីគ្រប់ភាគីនៃជម្លោះ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk ក៏បានអំពាវនាវផងដែរ ឱ្យបញ្ចប់ជាបន្ទាន់ចំពោះការឡោមព័ទ្ធទីក្រុង El Fasher នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ៕