បារាំង៖ យោងតាមទីក្រុងប៉ារីស មេដឹកនាំបារាំង និងអង់គ្លេសបានព្រមព្រៀងគ្នាក្នុងការបន្ធូរបន្ថយភាពតានតឹង រយៈពេលប៉ុន្មានថ្ងៃនៃភាពចម្រូងចម្រាសជុំវិញសិទ្ធិនេសាទក្រោយ Brexit ក្នុងការបញ្ចៀសសង្គ្រាមពាណិជ្ជកម្មពេញបន្ទុក ដែលនឹងធ្វើឲ្យរង្គោះរង្គើនៅទូទាំងសហភាពអឺរ៉ុប។

ក្រុមមន្ត្រីបាននិយាយថា លោកប្រធានាធិបតីបារាំង Emmanuel Macron និងលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានជួបគ្នាកាលពីថ្ងៃអាទិត្យរយៈពេល ២៥នាទីនៅក្រៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Rome មួយថ្ងៃបន្ទាប់ពីលោក Johnson បានត្អូញត្អែរប្រាប់ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen ថា បារាំងគំរាមសងសឹកជុំវិញជម្លោះដ៏អយុត្តិធម៌ទាំងស្រុងនេះ។ ការិយាល័យរបស់លោក Macron បានបញ្ជាក់ថា មេដឹកនាំទាំង ២ បានព្រមព្រៀងធ្វើការលើវិធានការអនុវត្តន៍ និងកិច្ចសហប្រតិបត្តិការដោះស្រាយជម្លោះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ប្រភពខាងលើបន្ថែមថា ប្រទេសទាំង ២ ត្រូវបានរួបរួមគ្នាលើភាពចាំបាច់សម្រាប់ការបន្ធូរបន្ថយភាពតានតឹង ដោយមានចំណាត់ការរ៉ឹងមាំឲ្យបានឆាប់កាន់តែល្អ៕
អត្ថបទ៖ សុខមាន