នាយទាហាន-ពលទាហាននៃកងពលតូចលេខ៧០ ប្តេជ្ញាអនុវត្តតាមនយោបាយឈ្នះ ឈ្នះ ដើម្បីធានានូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍយូរអង្វែងជូនជាតិ និងប្រជាជន។
ក្នុងពេលទិវាសន្តិភាពនៅកម្ពុជា លើកទី២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ នាយទាហាន-ពលទាហាននៃកងពលតូចលេខ៧០ បានសម្តែងការដឹងគុណចំពោះការដឹកនាំ និងលះបង់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ស្ថាបនិកបិតាសន្តិភាព ដែលបានដាក់ចេញនយោបាយឈ្នះ ឈ្នះ ទើបធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍។
នាយទាហាន-ពលទាហាននៃកងពលតូចលេខ៧០ ប្តេជ្ញាបន្តគាំទ្រ និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមនយោបាយឈ្នះ ឈ្នះ ដើម្បីធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឱ្យបានយូរអង្វែងជូនជាតិ និងប្រជាជន។
សូមជម្រាបថា «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ» គឺជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេសនៅកម្ពុជា។
ទិវាសន្តិភាពលើកទី២៦ នឹងរៀបចំនៅវិមានឈ្នះ ឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយប្រព្រឹត្តទៅយៈពេល៣ថ្ងៃ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ទិវាសន្តិភាពក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលបានរៀបចំកម្មវិធីជាច្រើន ដែលប្រហាក់ប្រហែលនឹងបណ្តាឆ្នាំមុនៗ ដូចជាការតាំងពិពរណ៍ចំនួន២២ស្តង់ ស្តង់ម្ហូបអាហារ ការប្រគំតន្រ្តី និងការបាញ់កាំជ្រួចអបអសាទរទិវាសន្តិភាព និងអបអរសាទរថ្ងៃឆ្លងឆ្នាំសកល២០២៥ នាពេលខាងមុខ៕អត្ថបទ សេក ឧត្តម ថត