សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅរសៀលថ្ងៃទី២២ ខែធ្នូនេះ បានរៀបចំការហាត់សមក្បួនដង្ហែ “សាទរកម្ពុជា”ដើម្បីត្រៀមធ្វើការដង្ហែក្បួនថ្មើជើងសាកល្បង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីកែងវិថីបក្សីចាំក្រុង រហូតដល់សាលមហោស្រពចតុមុខ) និងកំណាត់វិថីឧកញ៉ាឈុន (ចាប់ពីភ្លើងស្តុបសាលមហោស្រពចតុមុខ រហូតដល់កែងមហាវិធីសម្តេចសុធារស) ចាប់ពីវេលាម៉ោង ១រសៀល រហូតដល់បញ្ចប់កម្មវិធី។
សូមជម្រាបជូនថា “សាទរកម្ពុជា” ឬ “Celebrating Cambodia” ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់និងបានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយ។
“សាទរកម្ពុជា” ជាការសាទរគុណតម្លៃរួមគ្នា ដើម្បីបង្ហាញមោទនភាព ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ជាមួយការរក្សាបាននូវអត្តសញ្ញាណនៃប្រជាជាតិនិងប្រជាជន និងការអបអរសាទរដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។






