ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃអាទិត្យ (២២ ធ្នូ) បានប្តេជ្ញាថានឹងនាំយក "ការបំផ្លិចបំផ្លាញ" បន្ថែមទៀតដល់អ៊ុយក្រែន ជាការសងសឹកចំពោះការវាយប្រហារដោយយានដ្រូនលើទីក្រុង កាហ្សាន (Kazan) ភាគកណ្តាលនៃប្រទេសរុស្ស៊ី មួយថ្ងៃមុននោះ។

រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែន ថាបានបើកការវាយប្រហារយានដ្រូនដ៏ធំមួយលើប្លុកលំនៅឋានផ្ទះល្វែងដ៏ប្រណីតក្នុងទីក្រុង Kazan ចម្ងាយប្រហែល ១.០០០គីឡូម៉ែត្រ ពីព្រំដែន។

លោក ពូទីន បានព្រមាននៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលតាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា "អ្នកណាក៏ដោយដែលព្យាយាមបំផ្លាញរុស្ស៊ី ពួកគេនឹងប្រឈមមុខនឹងការបំផ្លិចបំផ្លាញកាន់តែច្រើនដងជាងនេះទៅទៀត ហើយនឹងសោកស្តាយចំពោះទង្វើដែលពួកគេកំពុងព្យាយាមធ្វើនៅក្នុងទឹកដីរុស្ស៊ី"។

ការវាយប្រហារលើក្រុង Kazan គឺជាសកម្មភាពយោធាតាមច្រកអាកាសដែលកើនឡើងជាបន្តបន្ទាប់នៅក្នុងជម្លោះជិត ៣ឆ្នាំ ហើយអ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយលើរឿងនេះទេ។ លោក ពូទីន ធ្លាប់បានគំរាមវាយប្រហារចំកណ្តាលទីក្រុងគីវ ដោយប្រើមីស៊ីលបាលីស្ទិកលឿនជាងសំឡេង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយរបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី៕