បាល់ទាត់៖ ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic បានស៊ុតបញ្ចូលទីគ្រាប់បាល់ទី៤០០ ក្នុងលីគអាជីពស្របពេល AC Milan យកឈ្នះនៅទឹកដី AS Roma ២-១ សប្តាហ៍ទី ១១ ក្របខណ្ឌអ៊ីតាលី Serie A។ កីឡាករវ័យ ៤០ឆ្នាំរូបនេះរកបានគ្រាប់នាំមុខនៅនាទីទី២៥ ដែលជាបាល់ Freekick មុនពេលដែល Franck Kessie ស៊ុតបាល់ពិន័យ ១១ម៉ែត្រនាំមុខ ២-០ នៅនាទីទី៥៧ ក្រោយកំហុសរបស់ខ្សែការពារ Roma, Roger Ibanez លើ Zlatan ក្នុងប្រអប់គ្រោះថ្នាក់។

ក្រោយមក AC Milan នៅសល់គ្នាតែ ១០នាក់បន្ទាប់ពី Theo Hernandez ទទួលបានកាតលឿងទី២ បណ្តេញចេញពីការប្រកួតនៅនាទីទី៦៦។ យ៉ាងណាក្តីក្រុមរបស់លោក Stefano Pioli នៅតែរក្សាគ្រាប់នាំមុខរហូតបានបីពិន្ទុពីការប្រកួតនេះ បើទោះជា Stephen El Shaarawy តបបានមួយគ្រាប់ឱ្យ Roma នៅចុងម៉ោងនាទីទី៩០+៣ ក៏ដោយ។ បីពិន្ទុនេះធ្វើឱ្យ AC Milan ឡើងមកលេខ២ ក្នុងតារាងមាន ៣១ពិន្ទុស្មើគ្នាជាមួយ Napoli ដែលបានយកឈ្នះនៅទឹកដី Salernitana ១-០ ដោយគ្រាប់បាល់របស់ Piotr Zielinski។ ចំណែកឯក្រុមការពារជើងឯក Inter Milan បន្តឈរលេខ៣ មាន ២៤ពិន្ទុក្រោយយកឈ្នះ Udinese ២-០ ដោយគ្រាប់បាល់របស់ Joaquin Correa ពីរគ្រាប់ម្នាក់ឯង៕
អត្ថបទ៖នាង សុភាវុធ