ក្រុមមន្ត្រីរដ្ឋាភិបាលរដ្ឋបាននិយាយថា យន្តហោះខ្នាតតូចមួយគ្រឿង ដែលដឹកមនុស្ស ១០នាក់ បានធ្លាក់ចំហាងជាច្រើននៅកណ្តាលទីក្រុងទេសចរណ៍ ហ្គ្រាម៉ាដូ (Gramado) ភាគខាងត្បូងប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ (២២ ធ្នូ) ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។

យោងតាមអភិបាលរដ្ឋ រីអូ ក្រានដេ ដូស៊ុល (Rio Grande do Sul) លោក អេដ័រដូ ឡៃតេ (Eduardo Leite) បាននិយាយថា ម្ចាស់យន្តហោះ ហើយក៏ជាអាកាសយានិកផងដែរ ឈ្មោះលោក លូអ៊ីស ក្លោឌីអូ ហ្កេលៀហ្ស៊ី (Luiz Claudio Galeazzi) បានស្លាប់រួមជាមួយនឹងអ្នកដំណើរ ៩នាក់ផ្សេងទៀត ដែលសុទ្ធតែជាសមាជិកគ្រួសាររបស់លោក ហើយមនុស្ស ១៧នាក់ នៅទីតាំងកើតហេតុបានរងរបួស។

អភិបាលរដ្ឋរូបនេះបន្តថា យន្តហោះម៉ាស៊ីនភ្លោះ Piper PA-42-1000 ផលិតក្នុងឆ្នាំ១៩៩០នេះ បានចេញដំណើរភ្លាមៗបន្ទាប់ពីម៉ោង ៩ព្រឹក (ម៉ោងក្នុងស្រុក) ពីអាកាសយានដ្ឋាន កានេឡា (Canela) ក្បែរនោះ ទៅកាន់ក្រុង ជុនឌីអៃ (Jundiai) ក្នុងរដ្ឋ សៅប៉ូឡូ (Sao Paulo) ក្រោមលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។

លោកបញ្ជាក់ថា មូលហេតុនៃការធ្លាក់យន្តហោះកំពុងត្រូវបានស៊ើបអង្កេតដោយមជ្ឈមណ្ឌលស៊ើបអង្កេត និងការពារគ្រោះថ្នាក់អាកាសយានិក (Cenipa)។ ឧបទ្ទវហេតុនេះបានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះមុនបុណ្យណូអែល ជាពេលវេលាដ៏មមាញឹកជាពិសេសសម្រាប់ទីក្រុង ដែលត្រូវបានរៀបចំតាមបែបប្រពៃណីជាមួយនឹងការតុបតែង និងរៀបចំកម្មវិធីបុណ្យនានា៕