ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា ព្យុះស៊ីក្លូន ឈីដូ (Chido) បានសម្លាប់មនុស្ស ៩៤ នាក់នៅក្នុងប្រទេសម៉ូសំប៊ិក ចាប់តាំងពីព្យុះនេះបានបោកបក់លើប្រទេសអាហ្វ្រិកខាងកើតមួយនេះ កាលពីសប្តាហ៍មុន។

វិទ្យាស្ថានជាតិគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ (INGD) របស់ប្រទេសនេះបាននិយាយថា មនុស្សចំនួន ៧៦៨នាក់បានរងរបួស និងជាង ៦២២.០០០នាក់ បានរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិនេះ។

គួររម្លឹកថា ព្យុះស៊ីក្លូន ឈីដូ បានវាយប្រហារប្រទេស ម៉ូសំប៊ិក កាលពីថ្ងៃទី ១៥ ខែធ្នូ ក្នុងកម្លាំងខ្យល់ ២៦០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានកម្រិតទឹកភ្លៀង ២៥០ មីលីម៉ែត្រ ក្នុងរយៈពេល២៤ ម៉ោងដំបូង។
ព្យុះស៊ីក្លូនដូចគ្នានេះបានបំផ្លិចបំផ្លាញជាលើកដំបូងនៅក្នុងដីកោះ ម៉ាយ៉ត់(Mayotte)នៃមហាសមុទ្រឥណ្ឌា គ្រប់គ្រងដោយប្រទេសបារាំង មុនពេលបោះពួយទៅកាន់ប្រទេសម៉ូសំប៊ិក ម៉ាឡាវី និងហ្ស៊ីមបាវ៉េ៕