នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ ថា អ៊ីស្រាអែល នឹងបន្តចំណាត់ការប្រឆាំងក្រុមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន ជាក្រុមដែលលោកបានចោទប្រកាន់ថា បានគំរាមកំហែងដល់ការដឹកជញ្ជូនពិភពលោក និងសណ្តាប់ធ្នាប់អន្តរជាតិ។

លោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ក្នុងវីដេអូ មួយថ្ងៃបន្ទាប់ពីមីស៊ីលមួយគ្រាប់ត្រូវបានបាញ់ចេញពីប្រទេសយេម៉ែនធ្លាក់នៅក្នុងតំបន់ទីក្រុងតែល អាវីវ បណ្តាលឲ្យមនុស្សច្រើននាក់រងរបួស ថា «ខណៈយើងបានធ្វើសកម្មភាពដោយប្រើកម្លាំងប្រឆាំងភេរវករ ដូច្នេះយើងនឹងមានចំណាត់ការប្រឆាំងក្រុមហ៊ូទី»។

កាលពីប៉ុន្មានថ្ងៃមុននេះ យន្តហោះប្រយុទ្ធរបស់អ៊ីស្រាអែល បានបើកការវាយលុកជាបន្តបន្ទាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងកំពង់ផែក្នុងប្រទេសយេម៉ែន ជាការចំណាត់ការមួយដែលក្រុមមន្ត្រីបាននិយាយថា គឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលរាប់រយគ្រាប់ និងការវាយប្រហារដោយយានដ្រូនធ្វើឡើងដោយក្រុមហ៊ូទី ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅតំបន់ហ្កាហ្សា ក្នុងរយៈពេល១៤ ខែ មកនេះ។
កាលពីថ្ងៃសៅរ៍ យោធាសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសស៊ីបគោលដៅទៅលើទីតាំងស្តុកមីស៊ីល និងអគារទីបញ្ជាការនិងគ្រប់គ្រង ធ្វើប្រតិបត្តិការដោយក្រុមហ៊ូទី នៅក្នុងរដ្ឋធានីសាណា ប្រទេសយេម៉ែន។
ក្រុមហ៊ូទី បានបើកការវាយប្រហារដដែលៗលើការដឹកជញ្ជូនអន្តរជាតិ នៅក្នុងដែនទឹកក្បែរប្រទេសយេម៉ែន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីគាំទ្រដល់ដែនដីប៉ាឡេស្ទីន ជុំវិញសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស។