មនុស្សរាប់ម៉ឺននាក់ បានមកប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Belgrade កាលពីថ្ងៃអាទិត្យ ទី២២ ខែ ធ្នូ ដើម្បីតវ៉ាប្រឆាំងប្រធានាធិបតី លោក Aleksandar Vucic និងគណបក្សកំពុងកាន់អំណាចរបស់លោក ដែលពួកគេបានស្តីបន្ទោសចំពោះការបាក់រលំដំបូលនៅស្ថានីយ៍រថភ្លើងកាលពីខែមុន បណ្តាលឲ្យមនុស្ស១៥ នាក់ស្លាប់។

ដំបូលនៅស្ថានីយ៍ Novi Sad ដែលទើបនឹងជួសជុលថ្មី បានបាក់រលំកាលពីថ្ងៃទី១ ខែវិច្ឆិកា បណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ និងបណ្តាលឲ្យមនុស្សមួយចំនួនរងរបួស។
មេដឹកនាំគណបក្សប្រឆាំង និងសាធារណជន បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវជាច្រើនលើក ដោយបន្ទោសឧបទ្ទវហេតុនេះលើសំណង់មិនរឹងមាំ បណ្តាលមកពីអំពើពុករលួយរបស់រដ្ឋាភិបាល និងបក្ខពួកនិយម។

ក្រុមចម្រុះដែលកំពុងកាន់អំណាច បានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយលោក Vucic បាននិយាយថា អ្នកទាំងឡាយដែលទទួលការងារនេះ ត្រូវតែនាំមកឲ្យទទួលខុសត្រូវ។
ក្រុមអ្នកតវ៉ា កាលពីល្ងាចថ្ងៃអាទិត្យ បានបើកភ្លើងទូរសព្ទដៃរបស់ពួកគេ ហើយឈរនៅស្ងៀមស្ងាត់រយៈពេល១៥នាទី ដើម្បីរំលឹកដល់ជនរងគ្រោះ។
ទីភ្នាក់ងារព័ត៌មានស៊ែប៊ី Tanjug បានដកស្រង់សម្តីពីក្រសួងមហាផ្ទៃដែលបាននិយាយថា ហ្វូងមនុស្សក្នុងទីក្រុងបែលក្រាដ មានរហូតដល់ ២៩.០០០ នាក់។