នាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី លោកស្រី ចចចា មីឡូនី(Giorgia Meloni) បាននិយាយកាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ ថា រុស្ស៊ីបង្កការគំរាមកំហែងកាន់តែធំដល់សន្តិសុខសហភាពអឺរ៉ុប ខណៈទីក្រុងមូស្គូ អាចប្រើប្រាស់អន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាផ្សេងទៀត ដើម្បីធ្វើឲ្យអន្តរាយដល់ប្លុកនេះ។

ប្រទេសហ្វាំងឡង់ បានទទួលមេដឹកនាំប្រទេសអ៊ីតាលី ស៊ុយអែត និងប្រទេសក្រិក ព្រមទាំងប្រធានកិច្ចការបរទេសរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់ Lapland ភាគខាងជើងរបស់ប្រទេសកាលពីចុងសប្តាហ៍កន្លងទៅនេះ ដើម្បីពិភាក្សាអំពីសន្តិសុខនៅក្នុងតំបន់អារ៉ុបខាងជើង និងតំបន់សមុទ្រមេឌីទែរ៉ាណេ ក៏ដូចជាបញ្ហាប្រឈមនានានៃការធ្វើអន្តោប្រវេសន៍នៅអឺរ៉ុបខាងត្បូង។

លោកស្រី Meloni ដែលដឹកនាំរដ្ឋាភិបាលអភិរក្សនិយម បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅពេលត្រូវបានសួរអំពីប្រទេសរុស្ស៊ីថា «យើងត្រូវយល់ពីការគំរាមកំហែងដែលកាន់តែធំឡើង ជាងអ្វីដែលយើងស្រមៃឃើញ»។ លោកស្រី និយាយថា គ្រោះថ្នាក់ដល់សន្តិសុខសហភាពអឺរ៉ុបពីរុស្ស៊ី ឬពីទីកន្លែងផ្សេងទៀត នឹងមិនបញ្ឈប់នៅពេលដែលជម្លោះនៅអ៊ុយក្រែនបញ្ចប់នោះទេ ហើយសហភាពអឺរ៉ុប ត្រូវតែត្រៀមខ្លួនសម្រាប់រឿងនេះ។
លោកស្រី បានជំរុញឱ្យសហភាពអឺរ៉ុប ធ្វើការងារបន្ថែមទៀតដើម្បីការពារព្រំដែនរបស់ខ្លួន ហើយមិនអនុញ្ញាតឱ្យរុស្ស៊ី ឬអង្គការឧក្រិដ្ឋកម្មណាមួយ បង្កការលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ឡើយ។ សមាជិកសហភាពអឺរ៉ុបមួយចំនួន រួមទាំងប្រទេសហ្វាំងឡង់ និងអេស្តូនី បានចោទប្រកាន់រុស្ស៊ីថា បានអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ខុសច្បាប់មកពីមជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត ចូលទៅក្នុងរដ្ឋសហភាពអឺរ៉ុប តាមរយៈប្រទេសរុស្ស៊ីដោយពុំមានការត្រួតពិនិត្យត្រឹមត្រូវ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់សហភាពអឺរ៉ុប។