ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ ១៩ (ស៊ីណូវ៉ាក់) ជូនដល់កុមារអាយុ ៥ ឆ្នាំ នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានស្រោចស្រង់ទូទាំងប្រទេស ធ្វើប្រជាជនបានទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសនោះ វីរុសបំលែងថ្មីដែលហៅថា ដែលតា ដែលបានឆ្លងនៅក្នុងបណ្ដាខេត្តមួយចំនួន និងរាជធានី នៃព្រះរាជាណាចក្រកម្ពុជា និងការបញ្ឈប់ការឆ្លងរីករាលដាលក្នុងសហគមន៍ ជាក់ស្តែងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេច បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការ ដល់កុមារអាយុ៥ឆ្នាំ នៅក្របខណ្ឌទូទាំងប្រទេស ។
លោកជំទាវ អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តានាំកូន ចៅ ដែលមានអាយុ៥ ឆ្នាំ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើឱ្យមានភាពសាំនៅក្នុងសហគមន៍ ដែលនេះគឺជាកត្តាមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។ លោកជំទាវបន្ថែមថា បើទោះបីជាយើងចាក់វ៉ាក់សាំង រួចហើយយ៉ាងណាក្តី ក៏យើងកុំភ្លេចចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនានាឲ្យបានសមស្រប ជាពិសេសវិធានការ៣ការពារ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាកាត់ផ្តាច់ខ្សែរចម្លង ការរីករាលដាលនៃកូវីដ១៩ ។
អាណាព្យាបាលក៏ដូចក្មួយៗកុមារា កុមារី ដែលបាននាំនិងទទួលវ៉ាក់សាំង នាពេលនេះ បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងសម្រាប់ជូនប្រជាពលរដ្ឋ ។
តាមរយៈការបញ្ជាទិញ តាមរយៈយន្តការទ្វេភាគី ពហុភាគី និងយន្តការកូវ៉ាក់ ដែលជាហេតុធ្វើឱ្យកម្ពុជាមានលទ្ធភាពផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានល្អ ដូចអ្វីដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១ ខែសីហាឆ្នាំ២០២១កន្លងទៅនេះថា ដំណើរការនៃការចាក់វ៉ាក់សាំងបានល្អសម្រាប់ប្រទេសកម្ពុជា គឺមានយន្តការ៥ធំៗក្នុងនោះទីមួយគឺ អភិបាលកិច្ចល្អ ទី២មានប្រភពវ៉ាក់សាំងច្បាស់លាស់ ទី៣មានធនធានថវិកាសម្រាប់ប្រើប្រាស់ ទី៤មានធនធានមនុស្សគ្រប់គ្រាន់ និងទី៥ ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ការផ្តល់វ៉ាក់សាំងកុមារអាយុ ៥ ឆ្នាំ នាពេលនេះ ត្រូវផ្តល់អោយតាមមណ្ឌលនានា ក្នុងខេត្តប៉ៃលិន មានដូចជា មន្ទីរពេទ្យ បង្អែក ខេត្ត ប៉ៃលិន មណ្ឌល សុខភាព ភ្នំស្ពង់ និងមណ្ឌល សុខភាព ផ្សារព្រំ៕





