កងកម្លាំងរបស់ប្រទេសអ៊ីស្រាអែល បានបន្តធ្វើប្រតិបត្តិការនៅតាមខ្សែបន្ទាត់បទឈប់បាញ់រវាងប្រទេសស៊ីរី និងអ៊ីស្រាអែល នៅតំបន់ខ្ពង់រាប Golan កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ បានបន្តបេសកកម្មរក្សាសន្តិភាពយូរអង្វែង រវាងប្រទេសទាំងពីរ។

បេសកកម្មរបស់អង្គការសហប្រជាជាតិ ត្រូវបានបន្ថែមពេលរយៈពេលប្រាំមួយខែទៀត ហើយក្រុមប្រឹក្សាសន្តិសុខ មានការព្រួយបារម្ភថា សកម្មភាពយោធានៅក្នុងតំបន់នេះ អាចបង្កើនភាពតានតឹង។

ចាប់តាំងពីការវាយលុករបស់ក្រុមឧទ្ទាមលឿនដូចផ្លេកបន្ទោរ ដែលបានបណ្តេញប្រធានាធិបតីស៊ីរី លោក Bashar al-Assad កាលពីដើមខែនេះ ទាហានអ៊ីស្រាអែលបានចូលទៅក្នុងតំបន់គ្មានយោធា ដែលតំបន់នេះត្រូវបានបង្កើតឡើងបន្ទាប់ពីសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៧៣។
មន្ត្រីអ៊ីស្រាអែល បានពណ៌នាចំណាត់ការនេះថាជាវិធានការកំណត់ និងជាវិធានការបណ្តោះអាសន្ន ដើម្បីធានាបានសន្តិសុខនៅព្រំដែនរបស់អ៊ីស្រាអែល ប៉ុន្តែពុំបានផ្តល់ការបញ្ជាក់ថាតើពេលណាដែលទាហាន អាចដកខ្លួនចេញ នោះទេ។
កងកម្លាំងប្រដាប់អាវុធមកពីអ៊ីស្រាអែល និងស៊ីរី ពុំត្រូវបានអនុញ្ញាតឲ្យមាននៅក្នុងតំបន់គ្មានយោធានេះទេ ដែលជា «តំបន់បែងចែក» មានទំហំ៤០០គីឡូម៉ែត្រក្រឡា នៅក្រោមការរៀបចំបទឈប់បាញ់។