រយៈពេលពីរសប្តាហ៍បន្ទាប់ពីដណ្តើមអំណាចនៅក្នុងការវាយលុកដ៏លឿនបំផុតមួយ មេដឹកនាំថ្មីរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa បានបង្កើនទំនាក់ទំនងក្នុងតំបន់ ដោយប្តេជ្ញាក្នុងកិច្ចប្រជុំមួយនៅថ្ងៃអាទិត្យ (២២ ធ្នូ) ថាខ្លួននឹងមិនជ្រៀតជ្រែកជាអវិជ្ជមាននៅក្នុងប្រទេសជិតខាងលីបង់នោះទេ។

លោក Sharaa ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បន្ទាប់ពីពួកឧទ្ទាមគាំទ្រដោយទីក្រុងអង់ការ៉ា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រក្រុមអ៊ិស្លាមនិយម HTS ដែលបានដណ្ដើមយកទីក្រុងដាម៉ាស កាលពីថ្ងៃទី០៨ ខែធ្នូ និងបានបណ្តេញមេដឹកនាំដ៏យូរអង្វែង លោក Bashar al-Assad ។

ក្នុងអំឡុងពេលជំនួបជាមួយភាគីលីបង់ លោក Sharaa បានលើកឡើងថា ស៊ីរីនឹងលែងប្រើ "ការជ្រៀតជ្រែកអវិជ្ជមាននៅលីបង់" ទៀតហើយ ហើយទីក្រុងដាម៉ាស «នឹងស្ថិតនៅចម្ងាយសមស្របមួយ» ដោយទទួលស្គាល់ថា ស៊ីរីជា «ប្រភពនៃការភ័យខ្លាច និងក្ដីបារម្ភ» សម្រាប់រដ្ឋធានីបេរូត ជាយូរមកហើយ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរមានភាពតានតឹងខ្លាំង ជាពិសេសជាមួយនឹងការកាន់កាប់របស់ស៊ីរីរយៈពេល ២៩ឆ្នាំ ការចោទប្រកាន់ពីអន្តរាគមន៍របស់ស៊ីរីក្នុងនយោបាយលីបង់ទាំងមុន និងក្រោយការដកទ័ពស៊ីរីចេញពីលីបង់ និងការសង្ស័យថាស៊ីរីធ្វើឃាតឥស្សរជននយោបាយលីបង់ជាច្រើន រួមទាំងជម្លោះលីបង់បច្ចុប្បន្ន ដែលនាំឱ្យមានប្រជាជនភៀសខ្លួនជាច្រើនសម្រុកចូលទៅកាន់ប្រទេសស៊ីរី៕