នៅពេលដែលព្យុះស៊ីក្លូន ឈីដូ (Chido) បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដ៏ផុយស្រួយរបស់កោះ ម៉ាយ៉ត់ (Mayotte) និងសម្លាប់មនុស្សជាច្រើន ព្យុះនេះក៏បានបង្ហាញពីភាពតានតឹងដ៏ស៊ីជម្រៅរវាងអ្នកស្រុករបស់កោះ និងជនអន្តោប្រវេសន៍ដ៏ច្រើនលើសលប់របស់ខ្លួនផងដែរ។

មនុស្សរាប់ម៉ឺននាក់ដែលចូលរស់នៅក្នុងកោះនេះដោយខុសច្បាប់ បានរងគ្រោះក្នុងព្យុះដ៏មានឥទ្ធិពលដែលបានបោកបក់កាត់ប្រជុំកោះមហាសមុទ្រឥណ្ឌាមួយនេះ ជាទឹកដីដ៏ក្រីក្របំផុតរបស់បារាំង។ អាជ្ញាធរកោះ Mayotte និយាយថា ជនអន្តោប្រវេសន៍ជាច្រើនបានគេចចេញពីជម្រកសង្គ្រោះបន្ទាន់ ដោយសារភ័យខ្លាចពីការនិរទេស ដែលធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះទៅនឹងការបំផ្លិចបំផ្លាញ។

ទន្ទឹមនឹងនេះ កំហឹងបានផ្ទុះឡើងក្នុងចំណោមអ្នកស្រុក ដែលចោទប្រកាន់រដ្ឋាភិបាលថា បានបង្វែរធនធានដែលខ្វះខាតស្រាប់របស់កោះ ទៅឱ្យជនអន្តោប្រវេសន៍ ដោយធ្វើឱ្យអ្នកស្រុករងទុក្ខវេទនា។ អ្នកកោះ Mayotte តែងត្អូញត្អែរជាញឹកញាប់ពីផលវិបាកដែលកើតមាន ដោយសារតែកំណើនជនអន្តោប្រវេសន៍សម្រុកចូលទៅរស់នៅទីនោះ។

កោះ Mayotte ដែលជាតំបន់បស់បារាំងមានទីតាំងនៅចន្លោះប្រទេសម៉ាដាហ្គាស្ការ និងអាហ្វ្រិកដីគោក មានប្រជាជនចំនួន ៣២០.០០០នាក់។ អាជ្ញាធរបារាំងបានប៉ាន់ប្រមាណថា ជនអន្តោប្រវេសន៍ ១០០.០០០នាក់ផ្សេងទៀត ក៏រស់នៅទីនោះផងដែរ ដែលភាគច្រើនមកពីប្រជុំកោះកូម័រ ក្បែរនោះ ដែលមានចម្ងាយត្រឹមតែ ៧០គីឡូម៉ែត្រប៉ុណ្ណោះ៕