អង្គការសប្បុរសធម៌អន្តរជាតិផ្នែកវេជ្ជសាស្ត្រ មេឌីស៊ីន សាន ហ្រ្វន់ធា(Medecins Sans Frontieres) (MSF) កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យមានការគាំទ្រផ្នែកមនុស្សធម៌ជាបន្ទាន់សម្រាប់ជនស៊ីវិលស៊ូដង់ដែលភៀសខ្លួនទៅកាន់ប្រទេសជិតខាង ស៊ូដង់ខាងត្បូង។

អង្គការ MSF បាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចំនួនអ្នកភៀសខ្លួនកាលពីពេលថ្មីៗនេះ បានកើនឡើងលើសពី ៨០.០០០នាក់ រួមទាំងរាប់រយនាក់មានរបួសដោយសារសង្រ្គាម ខណៈជម្លោះនៅក្នុងប្រទេសស៊ូដង់ កាន់តែខ្លាំងឡើង។

លោក អ៊ីម៉ាញូអែល ម៉ុងតូប៊ីយ៉ូ(Emanuele Montobbio) អ្នកសម្របសម្រួលផ្នែកសង្គ្រោះបន្ទាន់របស់អង្គការ MSF នៅតំបន់ Renk នៃរដ្ឋ Upper Nile ដែលជាចំណុចច្រកចូលសំខាន់មួយសម្រាប់ជនភៀសខ្លួនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង បាននិយាយថា ចាប់តាំងពីដើមខែធ្នូមក មនុស្សជាង ៥.០០០នាក់ បានឆ្លងកាត់ចូលទៅប្រទេសនេះក្នុងមួយថ្ងៃៗ ខណៈការប្រយុទ្ធ បានកើនឡើងនៅជិតព្រំដែន ក្នុងរដ្ឋ White Nile និងរដ្ឋ Sennar របស់ប្រទេសស៊ូដង់។
លោកបាននិយាយថា អង្គការ MSF កំពុងបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះវិបត្តិមនុស្សធម៌នៅតំបន់ Renk និងនៅជុំវិញទីតាំងទីលំនៅក្រៅផ្លូវការនៅតាមព្រំដែន ហើយលំហូរនៃប្រជាជននៅក្នុងតំបន់ និងជុំវិញនោះ បានគ្របដណ្ដប់លើធនធានដែលខ្វះខាតរួចទៅហើយ បណ្តាលឱ្យប្រជាជនភៀសខ្លួនជួបវិបត្តិ។
លោក Montobbio និយាយថា អង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្រ្ត កំពុងធ្វើការជាមួយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) ដើម្បីព្យាបាលអ្នកជំងឺដែលរងរបួសដោយសារសង្គ្រាម និងគ្រប់គ្រងលំហូរជនភៀសខ្លួនកើនឡើង។