កសិករនៅសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងបញ្ហាលំបាកក្នុងវិស័យកសិកម្ម ខណៈប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានប្តេជ្ញាថានឹងដំឡើងពន្ធយ៉ាងខ្លាំងលើប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់អ្នកផលិតស្បៀងអាហារទាំងនេះ។

លោក Trump ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានគំរាមដាក់ពន្ធ ៦០% លើការនាំចូលរបស់ចិន ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់លោក។

នៅពេលរដ្ឋបាលលោក Trump ពីមុនបានដាក់ពន្ធលើការនាំចូលរបស់ចិន ទីក្រុងប៉េកាំងបានឆ្លើយតបជាមួយនឹងការយកពន្ធសងសឹកលើទំនិញជាច្រើនរបស់អាមេរិក រួមទាំងផលិតផលកសិកម្មដូចជាសណ្តែកសៀង និងពោត ហើយឥឡូវនេះកសិករអាមេរិក កំពុងបារម្ភពីស្ថានភាពស្រដៀងគ្នានេះ ដែលអាចបំផ្លាញវិស័យកសិកម្ម។

ក្រុមកសិករកំពុងតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍នានាក្នុងទីក្រុងវ៉ាស៊ីនតោន និងការវិលត្រឡប់របស់លោក Trump ទៅកាន់សេតវិមាន ខណៈក្ដីបារម្ភដ៏ធំបំផុតសម្រាប់ពួកគេគឺការវិលត្រឡប់មកវិញនៃជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន។
ការសិក្សារបស់ក្រសួងកសិកម្មអាមេរិក បានរក ឃើញថា ពន្ធសងសឹកអាមេរិក-ចិន បានកាត់បន្ថយការនាំចេញកសិផលរបស់ទីក្រុងវ៉ាស៊ីនតោន ចំនួន ២៧ពាន់លានដុល្លារ ចាប់ពីពាក់កណ្តាលឆ្នាំ២០១៨ នៅពេលដែលពន្ធគយត្រូវបានដាក់ រហូតដល់ចុងឆ្នាំ២០១៩៕