កម្មវិធីជនភៀសខ្លួនរបស់សហរដ្ឋអាមេរិក ដែលជាសសរស្តម្ភនៃគោលនយោបាយការបរទេសរបស់ខ្លួន បានជួបប្រទះនឹងការឡើងចុះយ៉ាងខ្លាំងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុងអំឡុងពេលអាណត្តិដំបូង លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បានកាត់បន្ថយចំនួនជនភៀសខ្លួនប្រចាំឆ្នាំជាច្រើន ដោយនៅឆ្នាំ២០២០ ដែលជាឆ្នាំចុងក្រោយនៃអាណត្តិនោះ អាមេរិកបានទទួលយកជនភៀសខ្លួនប្រហែល ១១.០០០នាក់ប៉ុណ្ណោះ ដែលជាកំណត់ត្រាទាបបំផុត។

បន្ទាប់មក លោកប្រធានាធិបតី Joe Biden បានដំណើរការកម្មវិធីនោះឡើងវិញ ហើយនៅក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ជនភៀសខ្លួនប្រហែល ១០០.០០០នាក់បានទៅដល់អាមេរិក ដែលជាចំនួនច្រើនបំផុតក្នុងពេលជិត ៣ទសវត្សរ៍។

ឥឡូវនេះ ក្នុងពេលដែលលោក Trump ប្តេជ្ញាថានឹងបង្ក្រាបជនអន្តោប្រវេសន៍ម្តងទៀត ភ្នាក់ងារតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួន ក៏កំពុងត្រៀមខ្លួនរងផលប៉ះពាល់ដែរ ហើយជនភៀសខ្លួនជាច្រើនកំពុងតែបារម្ភពីផលប៉ះពាល់ដែលអាចកើតមានទៅលើពួកគេ។
លោក Trump បានសន្យានាំយកបៀបវារៈអន្តោប្រវេសន៍ដែលកំណត់គោលដៅមិនត្រឹមតែជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកម្មវិធីផ្លាស់ប្តូរទីលំនៅជនភៀសខ្លួនរបស់អាមេរិកផងដែរ ដោយលោកបានព្រមាននៅលើបណ្ដាញសង្គម X ក្នុងខែកញ្ញាថា លោកនឹង "ផ្អាក" កម្មវិធីទាំងនោះភ្លាមៗ៕