បាតុករអ៊ីស្រាអែលរាប់រយនាក់ បានចេញធ្វើបាតុកម្មតាមដងផ្លូវ និងនៅ «ទីលានចំណាប់ថ្នូរ» ក្នុងទីក្រុង Tel Aviv ទាមទាររកកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដើម្បីនាំយកចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ឲ្យត្រឡប់មកវិញ។

វេទិកាគ្រួសារចំណាប់ថ្នូរ បានធ្វើសេចក្តីថ្លែងការណ៍មួយនៅមុនថ្ងៃតវ៉ា ដែលទាមទារឱ្យមានកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ នាំយកចំណាប់ថ្នូរទាំងអស់ ត្រឡប់មកប្រទេសវិញ។
កិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ដែលបានសម្របសម្រួល នៅពុំទាន់អាចទទួលបានកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមនិយមហាម៉ាសនៅឡើយទេ បន្ទាប់ពីជម្លោះរយៈពេលជាងមួយឆ្នាំនៅតំបន់ហ្កាហ្សាស្ទ្រីប។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ ប្រភពដឹងច្បាស់ពីកិច្ចពិភាក្សា បានប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកសម្របសម្រួលអារ៉ាប់ កាតា និងប្រទេសអេហ្ស៊ីប អាចសម្រេចលើភាពខ្វែងគំនិតគ្នាមួយចំនួន ប៉ុន្តែចំណុចជាប់គាំងមួយចំនួនទៀតនៅតែមិនទាន់បានដោះស្រាយ ហើយត្រូវការកិច្ចពិភាក្សាបន្ថែមទៀត។
អ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកតាមអាកាស និងតាមដីគោកទៅលើតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមអ្នកប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានវាយប្រហារលើសហគមន៍នានារបស់អ៊ីស្រាអែល ក្នុងខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្ស១.២០០នាក់ និងចាប់ចំណាប់ថ្នូរជាង២៥០នាក់ យកទៅតំបន់ហ្កាហ្សា នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។ អ៊ីស្រាអែល និយាយថា ចំណាប់ថ្នូរប្រហែល ១០០ នាក់ នៅតែត្រូវបានឃុំខ្លួននៅឡើយ ប៉ុន្តែគេពុំដឹងច្បាស់នោះទេថាតើមានប៉ុន្មាននាក់ដែលនៅរស់។
អាជ្ញាធរនៅតំបន់ហ្កាហ្សា និយាយថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង៤៥.០០០នាក់ ប្រជាជនភាគច្រើនក្នុងចំណោមប្រជាជន២,៣លាននាក់បានភៀសខ្លួន និងបានបំផ្លាញតំបន់ហ៊ុមព័ទ្ធ មួយនេះ។