ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ (២២ ធ្នូ) ថា កងកម្លាំងទីក្រុងមូស្គូ បានវាយដណ្ដើមយកភូមិចំនួន២ ផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ដោយមួយនៅតំបន់ ខាគីវ (Kharkiv) នៅភាគឦសាន និងមួយទៀតនៅតំបន់ ដូណិត (Donetsk) ភាគខាងកើត។

តំបន់ Donetsk គឺជាទីតាំងដែលរុស្ស៊ី កំពុងផ្តោតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីដណ្តើមយកទីក្រុងចំនួនពីរបន្ថែម។
កងកម្លាំងរុស្ស៊ី ដែលកំពុងវាយរុលឥតឈប់ឈរនៅទូទាំងតំបន់ Donetsk កំពុងវាយឆ្ពោះទៅកាន់ទីប្រជុំជន Pokrovsk ដែលជាមជ្ឈមណ្ឌលភស្តុភារ និងជាទីតាំងនៃការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាមួយ ហើយរុស្ស៊ី ហាក់ដូចជាកំពុងឆ្ពោះទៅតំបន់ Kurakhove ចុងភាគខាងត្បូង។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបាននិយាយថា កងទ័ពទីក្រុងមូស្គូ បានកាន់កាប់ភូមិ Lozova នៅជិតទីប្រជុំជន Kupiansk ភាគខាងជើងនៃតំបន់ Donetsk និងយកបានភូមិ Sontsivka មួយទៀតនៅភាគខាងជើងក្រុង Kurakhove។

យោធាអ៊ុយក្រែន មិនបានបញ្ជាក់ថាភូមិទាំងនោះធ្លាក់ចូលក្នុងដៃរបស់រុស្ស៊ីទេ ប៉ុន្តែបាននិយាយថា ស្ថានការណ៍ប្រយុទ្ធនៅតំបន់ទាំងនោះ មានភាពតានតឹងយ៉ាងខ្លាំង៕