២សប្តាហ៍បន្ទាប់ពីបានដណ្តើមអំណាច នៅក្នុងការវាយលុកដ៏ខ្លាំងក្លាមួយ មេដឹកនាំថ្មីរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa កាលពីថ្ងៃអាទិត្យ (ទី២២ ខែធ្នូ) បាននិយាយថា អាវុធនៅក្នុងប្រទេស ក្នុងនោះរួមទាំងអាវុធដែលកាន់កាប់ដោយកងកម្លាំងដឹកនាំដោយឃឺដ នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។
លោក Sharaa បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បន្ទាប់ពីបានជួបជាមួយមេដឹកនាំលីបង់នៃសហគមន៍ជនជាតភាគតិច Druze ហើយបានប្តេជ្ញាថា នឹងបញ្ចប់ «ការជ្រៀតជ្រែកអវិជ្ជមាន» នៅក្នុងប្រទេសជិតខាង។
គួររំលឹកថា ក្រុមឧទ្ទាមដែលគាំទ្រដោយទីក្រុងអង់ការ៉ា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រក្រុមអ៊ិស្លាមនិយម Hayat Tahrir al-Sham (HTS) របស់លោក Shara ដែលដឹកនាំសម្ព័ន្ធឧទ្ទាម និងបានដណ្តើមកាន់កាប់ទីក្រុងដាម៉ាស កាលពីថ្ងៃទី៨ ខែធ្នូ ដោយផ្តួលរំលំមេដឹកនាំយូរអង្វែង លោក Bashar al-Assad។
អំឡុងសន្និសីទសារព័ត៌មានជាមួយលោក Fidan លោក Sharaa បាននិយាយថា ក្រុមប្រដាប់អាវុធរបស់ស៊ីរី នឹងចាប់ផ្តើមប្រកាសពីការរំលាយ ហើយចូលក្នុងជួរកងទ័ព»។ លោកបានបន្ថែមថា៖ «យើងនឹងមិនអនុញ្ញាតឲ្យមានអាវុធនៅក្នុងប្រទេស មិនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋឡើយ មិនថាពីក្រុមបដិវត្តន៍ ឬក្រុមដែលមានវត្តមាន នៅក្នុងតំបន់ SDF (កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយឃឺដ)»៕