ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បាននិយាយកាលពីថ្ងៃទី២២ ខែធ្នូថា រដ្ឋបាល លោក Joe Biden ព្រួយបារម្ភថា អ៊ីរ៉ង់ដែលចុះខ្សោយ អាចផលិតអាវុធនុយក្លេអ៊ែរ ដោយបន្ថែមថា លោកកំពុងប្រាប់ក្រុមរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump អំពីហានិភ័យនេះ។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះឥទ្ធិពលក្នុងតំបន់របស់ខ្លួន បន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែលទៅលើសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា នៅប្រទេសលីបង់ ហើយបន្ទាប់មក ប្រធានាធិបតីស៊ីរីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ គឺលោក Bashar al-Assad បានធ្លាក់ចេញពីអំណាច។
លោក Sullivan បានប្រាប់សារព័ត៌មាន CNN ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីតាំងនានារបស់អ៊ីរ៉ង់ ក្នុងនោះរួមទាំងរោងចក្រមីស៊ីល និងប្រព័ន្ធការពារដែនអាកាសផងដែរ បានកាត់បន្ថយសមត្ថភាពយោធាធម្មតារបស់ទីក្រុងតេអេរ៉ង់។
លោក Sullivan បានបញ្ជាក់ថា៖ «វាគ្មានអ្វីចម្លែកទេដែលមានសំឡេងលាន់ឮឡើង (នៅប្រទេសអ៊ីរ៉ង់) ដែលនិយាយថា ប្រហែលជាយើង (អ៊ីរ៉ង់) ត្រូវទៅរកអាវុធនុយក្លេអ៊ែរឥឡូវនេះ ប្រហែលជា យើងត្រូវពិនិត្យមើលឡើងវិញនូវគោលការណ៍ក្លេអ៊ែររបស់យើង»។
អ៊ីរ៉ង់និយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មានសន្តិភាព ប៉ុន្តែប្រទេសនេះបានពង្រីកការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ចាប់តាំងពីលោក Trump ក្នុងអាណត្តិប្រធានាធិបតីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បានដកខ្លួនចេញពីកិច្ចព្រមព្រៀង រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក ដែលដាក់កម្រិតលើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម៕