ស្ពានឆ្លងកាត់ពន្លេតភ្ជាប់រដ្ឋចំនួន ២នៅតំបន់ភាគខាងជើង និងតំបន់ភាគឦសានប្រទេសឥណ្ឌា បានបាក់កាលពីថ្ងៃអាទិត្យ ពេលដែលរថយន្តធ្វើដំណើរឆ្លងកាត់ ដោយបានសម្លាប់មនុស្សម្នាក់ និងបណ្តាលឲ្យកំពប់អាស៊ីតស៊ុលហ្វារិកចូលទៅក្នុងទន្លេ Tocantins ។
នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាតិ បាននិយាយថា កំណាត់កណ្តាលរបស់ស្ពានប្រវែង ៥៣៣ម៉ែត្រដែលតភ្ជាប់ទីក្រុង Estreito ស្ថិតក្នុងរដ្ឋ Maranhao និងទីក្រុង Aguiarnopolis ស្ថិតក្នុងរដ្ឋ Tocantins បានបាក់កាលពីរសៀលថ្ងៃអាទិត្យ ។ ក្រុមមន្រ្តីនិយាយថា រថយន្តសឺទែនដឹកអាស៊ីត បានធ្លាក់ចូលក្នុងទឹក ។
យោងតាមការអះអាងរបស់នាយកដ្ឋានពន្លត់អគ្គិភ័យ បានឲ្យដឹងថា មនុស្សម្នាក់ ត្រូវបានគេប្រកាសថាស្លាប់ និងមនុស្សម្នាក់ ត្រូវបានជួយសង្រ្គោះ ។
រូបភាពវីដេអូឃ្លីប ទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញលោក Elias Junior គឺជាមន្រ្តីក្រុមប្រឹក្សាក្រុង Aguiarnopolis សុំឲ្យក្រុមអាជ្ញាធរដោះស្រាយបញ្ហាស្ពាន Juscelino Kubitschek de Oliveira ដែលលោកនិយាយថា លែងអាចអនុញ្ញាតឲ្យរថយន្តធន់ធ្ងន់បើកឆ្លងកាត់បានទៀតហើយ ។
ពេលលោកចង្អុរស្នាមប្រេះដ៏ធំនៅលើស្ពាន ស្រាប់តែផ្នែកកណ្តាលរបស់ស្ពានចាប់ផ្តើមបាក់នៅនឹងមុខលោកតែម្តង ក្នុងនោះអ្នកបើកបរមួយចំនួន អាចឈប់រថយន្តរបស់ពួកគេទាន់ពេល ។
រថយន្តធំមួយគ្រឿង ត្រូវបានមើលឃើញផងដែរនៅលើស្ពាននៅក្នុងវីដេអូ មុនពេលកាមេរ៉ា រត់តាមលោក Junior ពេលដែលលោកព្យាយាមរត់ចុះទៅកាន់ទន្លេ ។
ការប៉ាន់ស្មានដំបូងបង្ហាញថា មនុស្សយ៉ាងហោច ១១នាក់ បានជាប់ពាក់ព័ន្ធនឹងឧបទ្ទេវហេតុនេះ ក្នុងនោះមាន រថយន្តធំ ២គ្រឿង រថយន្តតូច ១គ្រឿង ទោចក្រយានយន្តមួយគ្រឿង បានធ្លាក់ចូលទៅក្នុងទន្លេដែលមានជម្រៅប្រហែល ៥០ម៉ែត្រ ៕
