នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីបញ្ហានានា រួមទាំងការបញ្ជូនឧស្ម័នរុស្ស៊ីផងដែរ។
យោងតាមលោក Fico បានឲ្យដឹងថា កិច្ចប្រជុំនេះ គឺជាប្រតិកម្មមួយចំពោះប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅឯកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែលថា គាត់ប្រឆាំងនឹងការដឹកជញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែន ទៅកាន់ស្លូវ៉ាគី។
លោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី បាននិយាយថា លោក ពូទីន បានបញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការបន្តផ្គត់ផ្គង់ឧស្ម័ន ដល់លោកខាងលិច និងដល់ប្រទេសស្លូវ៉ាគី ដោយបន្ថែមថា វាពិតជាមិនអាចទៅរួចទេបន្ទាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ នៅពេលដែលកិច្ចសន្យាបច្ចុប្បន្ននេះ បានផុតកំណត់ ដោយយោងទៅតាមអាកប្បកិរិយារបស់លោក ហ្សេឡិនស្គី។
លោក Fico បានថ្លែងថា មន្រ្តីជាន់ខ្ពស់របស់សហភាពអឺរ៉ុប ត្រូវបានជូនដំណឹងអំពីការដឹកជញ្ជូនឧស្ម័ន និងគោលបំណងរបស់វា កាលពីថ្ងៃសុក្រ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានបញ្ជាក់ថា ប្រទេសរបស់លោក នឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នរុស្ស៊ី ឆ្លងកាត់ទឹកដីរបស់ខ្លួន ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ តទៅ។
ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់សម្តីរបស់ លោក Shmyhal ថា ការបន្តការបញ្ជូនឧស្ម័នឡើងវិញ នឹងអាចធ្វើទៅបានតាមសំណើរបស់គណៈកម្មការអឺរ៉ុប ហើយប្រសិនបើអ៊ុយក្រែន ដឹកជញ្ជូនឧស្ម័ន ដែលមិនមែនជារបស់រុស្ស៊ីនោះ។
អ៊ុយក្រែន ធ្លាប់ជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប។