ប្រធានាធិបតីប៉ាណាម៉ាលោក Jose Raul Mulino បានបញ្ជាក់ឡើងវិញពីអធិបតេយ្យភាពប្រទេសរបស់លោកលើព្រែកជីកប៉ាណាម៉ា ក្រោយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump គំរាមដណ្តើមយកព្រែកជីកនេះមកវិញ ។
លោក Trump បានគំរាមកាលពីថ្ងៃអាទិត្យថា លោកអាចនឹងដាក់ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ឡើងវិញលើព្រែកជីកប៉ាណាម៉ា ដោយចោទប្រទេសប៉ាណាម៉ា ថាបានគិតប្រាក់លើសកម្រិតក្នុងការប្រើប្រាស់ផ្លូវទឹកកាត់អាមេរិកកណ្តាលមួយនេះ ដែលការលើកឡើងបែបនេះ ធ្វើឲ្យមានការការស្តីបន្ទោសយ៉ាងខ្លាំងពី លោក Mulino ។
លោក Mulino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថតទុកបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Xថា រាល់ម៉ែត្រក្រឡារបស់ព្រែកជីកប៉ាណាម៉ា និងតំបន់ជាប់គ្នារបស់វា គឺជារបស់ប៉ាណាម៉ា ហើយនឹងនៅតែជារបស់ប៉ាណាម៉ា ។ លោកបន្តថា អធិបតេយ្យភាព និងឯករាជ្យរបស់ប៉ាណាម៉ា មិនអាចចរចាបាននោះទេ ។
សូមបញ្ជាក់ថា ព្រែកជីកប៉ាណាមា ត្រូវបានចាប់ផ្ដើមកសាងឡើងដោយបារាំងកាលពីឆ្នាំ១៨៨១ ប៉ុន្តែឈប់កសាងនៅឆ្នាំ១៨៩០ ហើយសហរដ្ឋអាមេរិក បានបន្តសាងសង់ដោយជោគជ័យនៅចន្លោះ ឆ្នាំ១៩០៤ និងឆ្នាំ ១៩១៤។
អាមេរិក ធ្លាប់បានគ្រប់គ្រងព្រែកជីកនេះជាផ្លូវការនៅឆ្នាំ១៩០៤ រហូតដល់ឆ្នាំ១៩៧៧ នៅពេលមានសន្ធិសញ្ញាប្រគល់ទឹកដីបន្តិចម្តងៗទៅឲ្យប្រទេសប៉ាណាម៉ាវិញ ៕