អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានប្រាប់សារព័ត៌មានTASSថា ទីក្រុងមូស្គូមានទំនុកចិត្តលើអាវុធរបស់ខ្លួន និងសមត្ថភាពរបស់ពួកវា ក្នុងការធានាសន្តិសុខជាតិ។
ដោយអត្ថាធិប្បាយអំពីការលើកឡើងរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អំពីការប្រជែងគ្នាដ៏មានសក្តានុពល រវាងប្រព័ន្ធមីស៊ីល Oreshnik របស់រុស្ស៊ី និងប្រព័ន្ធការពារមីស៊ីលដែលផលិតដោយសហរដ្ឋអាមេរិក លោក Ryabkov បាននិយាយថា ៖«លោកប្រធានាធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា យើងមានទំនុកចិត្តលើថាមពលនៃអាវុធរបស់យើង ហើយយើងដឹងច្បាស់ថា យើងតែងតែពឹងផ្អែកលើពួកវា ដើម្បីធានាសន្តិសុខជាតិ»។
លោក Ryabkov បានសង្កត់ធ្ងន់ថា ការវិវឌ្ឍនាពេលថ្មីៗនេះ បានបង្ហាញថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតប្រព័ន្ធការពារមីស៊ីលដែលមានច្រើនស្រទាប់កាន់តែខ្លាំងឡើង គឺខុស។ ប្រមុខការទូតរុស្ស៊ីរូបនេះ បាននិយាយថា៖««ប្រព័ន្ធការពារមីស៊ីលនេះ មិនបង្កើនសន្តិសុខរបស់សហរដ្ឋអាមេរិកទេ។ បើនិយាយពីប្រសិទ្ធភាពនៃការចំណាយ នេះមិនមែនជាជម្រើសដ៏ល្អបំផុតនោះទេ ហើយការពឹងផ្អែកលើការប៉ាន់ប្រមាណដែលប្រុងប្រយ័ត្នបំផុត នេះមិនមែនជាមធ្យោបាយដ៏ល្អបំផុត ក្នុងការចំណាយប្រាក់នោះទេ។ ប្រហែលជាឧស្សាហកម្មការពារជាតិរបស់សហរដ្ឋអាមេរិក ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធការពារមីស៊ីលនេះ។ ប៉ុន្តែវាប្រាកដណាថា មិនមែនជាប្រជាជនអាមេរិកទេ»។
ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមប្រចាំឆ្នាំ និងវគ្គសំណួរ-ចម្លើយ (Q&A)លោក ពូទីន បានជំទាស់នឹងអ្នកជំនាញលោកខាងលិចទាំងអស់ ដែលបានចោទសួរពីសមត្ថភាពនៃប្រព័ន្ធមីស៊ីលបាលីស្ទីក រយៈចម្ងាយមធ្យម Oreshnik ថ្មីបំផុតរបស់រុស្ស៊ី។ លោក ពូទីន បានស្នើឲ្យលោកខាងលិចជ្រើសរើសគោលដៅមួយ នៅក្នុងរដ្ឋធានីគីវរបស់អ៊ុយក្រែន ឬទីតាំងណាមួយផ្សេងទៀត និងប្រមូលផ្តុំប្រព័ន្ធការពារមីស៊ីល នៅទីនោះ ហើយពិនិត្យមើលថា តើវាអាចទៅរួចដែរឬទេ ក្នុងការស្ទាក់ចាប់មីស៊ីលល្បឿនលឿនជាងសំឡេងបែបនេះ។