ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន បានបន្តសកម្មភាពការទូតរបស់ខ្លួនឡើងវិញ កាលពីថ្ងៃអាទិត្យ។
ក្រសួងការបរទេសអាហ្វហ្គានីស្ថាន នៅពីថ្ងៃចន្ទនេះ បានស្វាគមន៍ការសម្រេចចិត្តរបស់អារ៉ាប៊ីសាអ៊ូឌីតក្នុងការបន្តប្រតិបត្តិការការទូតរបស់ខ្លួន នៅទីក្រុងកាប៊ុល រយៈពេលជាងបីឆ្នាំ បន្ទាប់ពីទីក្រុងរីយ៉ាដ បានដកបុគ្គលិករបស់ខ្លួន ក្នុងអំឡុងពេលដែលក្រុមតាលីបង់ ចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថានលោក Zia Ahmad បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងមានសុទិដ្ឋិនិយមអំពីលទ្ធភាពនៃការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអារ៉ាប៊ីសាអ៊ូឌីត និងអាហ្វហ្គានីស្ថាន តាមរយៈការបន្តសកម្មភាពទាំងនេះ»។
«យើងក៏នឹងអាចឆ្លើយតបនឹងបញ្ហារបស់ជនជាតិអាហ្វហ្គានីស្ថាន ដែលរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត»។
ទីក្រុងរីយ៉ាដ បានបង្ហោះការសម្រេចចិត្តរបស់ខ្លួន ក្នុងការបន្តប្រតិបត្តិការការទូតនៅទីក្រុងកាប៊ុល នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃអាទិត្យ។

